រំឭកទៅកាលពីពាក់កណ្ដាលឆ្នាំ ២០២៣ កំពូលតារាប៉ុបស្រី Rihanna បានប្រកាសពីការពពោះកូនទី ២ របស់នាងនៅក្នុងកម្មវិធី Super Bowl ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស។ លើកនេះតារាស្រីចម្រៀងប៉ុបរូបនេះក៏បានបង្កការភ្ញាក់ផ្អើលម្ដងទៀតដោយបានប្រកាសពីវត្តមានកូនទីបីរបស់នាងជាមួយនឹងដៃគូរបស់នាង A$AP Rocky នៅលើកម្រាលព្រំពណ៌ខៀវក្នុងកម្មវិធីំ Met Gala 2025។



នៅលើកម្រាលព្រំ Met Gala តារាប្រុស A$AP Rocky បានបញ្ជាក់ព័ត៌មាននេះទៅកាន់ Reuters ដោយនិយាយថា “វាពិតជាមានអារម្មណ៍ថាអស្ចារ្យ” ដើម្បីបង្ហាញពីការមានផ្ទៃពោះរបស់ Rihanna ដែលធ្វើឱ្យអ្នកសារព័ត៌មានមានចម្ងល់ និងចាប់ផ្ដើមទាក់ទងទៅកាន់តំណាងរបស់តារាស្រីរូបនេះតែម្ដង។ ក្រោយមកនាងក៏បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ស្ទីលឆ្នាំ ១៩២០ ម៉ាក Marc Jacobs ជាមួយក្រឡាឆ្នូតៗដោយរំលេចពីផ្ទៃពោះរបស់នាងយ៉ាងច្បាស់អមដោយការតុបតែងជាមួយមួកធំ សមស្របនឹងប្រធានបទ Met Gala 2025 “Superfine: Tailoring Black Style”។

គួររំឭកផងដែរថាតារាចម្រៀងប៉ុប និងស្ថាបនិក Fenty Beauty វ័យ ៣៧ ឆ្នាំរូបនេះត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ចំពោះភាពក្លាហានក្នុងការលេងស្ទីលសម្លៀកបំពាក់កំលុងពេលមានផ្ទៃពោះដោយទំនុកចិត្តចាប់តាំងពីការពពោះកូនទីមួយមកម្លេះ។ ជាក់ស្ដែងនៅក្នុងកម្មវិធី Super Bowl ឆ្នាំ ២០២៣ ឈុតដែលនាងបានប្រើប្រាស់ពិតជាទទួលបានការចាប់អារម្មណ៍ពីបណ្ដាមហាជនទូទាំងពិភពលោក និងក្នុងប្រវត្តិសាស្រ្តវប្បធម៌ប៉ុបជាមួយនឹងពណ៌ក្រហមឆ្អិនឆ្អៅមួយតួខ្លួនដែលច្នៃម៉ូដក្រុមហ៊ុន Loewe ក្រោមការដឹកនាំការច្នៃប្រតិដ្ឋដោយ Jonathan Anderson៕























Account
Security
Favourite Content