Joy សមាជិកក្រុមចម្រៀងកូរ៉េខាងត្បូង Red Velvet គ្រោងនឹងបញ្ចប់កុងត្រាជាមួយនឹងផលិតកម្ម SM Entertainment ក្រោយពីបង្ហាញការមិនពេញចិត្តមួយចំនួន។

តារាចម្រៀង និងតារាសម្ដែងកូរ៉េរូបនេះកំពុងតែស្វែងរកទ្រនំថ្មី ដោយផ្ដោតទៅលើក្រុមហ៊ុនដែលមានជំនាញក្នុងការគ្រប់គ្រងតារាសម្ដែង។ យោងតាមរយៈការរាយការណ៍របស់ Star News កាលពីថ្ងៃទី២២ ខែកញ្ញានេះ Joy បានធ្វើការណាត់ជួបជាមួយនឹងក្រុមហ៊ុនជាច្រើនរួចហើយ ដែលនាំឱ្យមានការសង្កេតពីភាពរង្គោះរង្គើនៃទំនាក់ទំនងរវាងសិល្បកររូបនេះ ជាមួយនឹងផលិតកម្មចាស់របស់ខ្លួន។
ទន្ទឹមគ្នានេះ SM Entertainment ក៏បានឆ្លើយតបនឹងការលេចឮមួយនេះផងដែរថា ខ្លួនកំពុងតែជជែកគ្នាជាមួយនឹងសិល្បករពីរឿងរ៉ាវនេះ តែនៅមិនទាន់មានដំណឹងជាក់លាក់ណាមួយដែលបានប្រកាសជាផ្លូវការនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាបញ្ហាកិច្ចសន្យាលើកទីមួយទេ សម្រាប់ក្រុមចម្រៀងស្រីម្ចាស់បទ Psycho រូបនេះ។ ជាក់ស្ដែង កាលពីកិច្ចសន្យារវាងភាគីទាំងពីបានបញ្ចប់នៅក្នុងឆ្នាំ ២០២១ SM Entertainment មិនបានប្រកាសពីការបន្តកុងត្រាជាផ្លូវការណាមួយទេ រហូតដល់ខែសីហា ឆ្នាំ២០២៣ ទើបផលិតកម្មប្រកាសពីការបន្តកិច្ចសន្យារបស់ Seulgi បន្តដោយការចុះកុងត្រារបស់ Irene កាលពីខែកុម្ភៈនេះ។ ដោយឡែក សម្រាប់សមាជិក ៣រូបទៀត Joy, Yeri និង Wendy នៅមិនទាន់លេចឮព័ត៌មានអ្វីនោះទេ។
គួររំឭកដែរថា នៅពេលដែលត្រៀមនឹងចេញបទថ្មី Cosmic កាលពីខែមិថុនា តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញពីអារម្មណ៍មិនសមប្រកបជាមួយនឹងផលិតកម្មរបស់ខ្លួនម្ដងរួចមកហើយ ដោយនាងនិយាយថា SM មិនដែលស្ដាប់មតិរបស់ពួកនាងទេ។ បន្ថែមពីនេះ Joy ក៏បានលើកឡើងពីការអន់ចិត្តរបស់នាង ដោយហេតុថា Red Velvet ជាក្រុមចម្រៀងរបស់ SM តែមួយគត់ ដែលមិនមានក្រុមអ្នកគាំទ្រនៅជប៉ុន។
























Account
Security
Favourite Content