កាលពីថ្មីៗនេះ តារាសម្ដែងហុងកុង Charmaine Sheh បានចែករំលែកនូវមូលហេតុដែលនាងនៅតែរក្សាភាពនៅលីវទោះបីអាយុជិត ៥០ឆ្នាំ។ នៅក្នុងកម្មវិធីមួយ តារាស្រីប៉ុស្តិ៍ TVB បាននិយាយថានាងជាមនុស្សដែលឆាប់ប៉ះពាល់ផ្លូវអារម្មណ៍ ដូច្នេះហើយនាងមិនចង់ឱ្យស្នេហាមករំខានជីវិតនិងការងារខ្លួននោះទេ។
យោងតាម Charmaine នាងបានសាកល្បងមានទំនាក់ទំនងស្នេហាពីរបីដងដែរ ប៉ុន្តែវាមិនបានធ្វើឱ្យនាងសប្បាយចិត្តឡើយ។ ជួបប្រទះរឿងស្នេហាមិនអំណោយផល តែងតែឈ្លោះប្រកែកជាមួយដៃគូ ធ្វើឱ្យអារម្មណ៍របស់ Charmaine មិននឹងន ប៉ះពាល់ដល់ការងារសម្តែងរបស់នាង។ នេះជាហេតុដែលជំរុញឱ្យនាងមិនចង់មានស្នេហាមកដល់បច្ចុប្បន្ន។
ដោយសារតែអាជីពសម្ដែង តួឯកស្រីរឿង “ល្បិចក្នុងរាជវាំង” បាននិយាយថានាងបដិសេធបុរសជាច្រើន។ ទោះយ៉ាងណា នាងពេញចិត្តនឹងជីវិតនៅលីវបច្ចុប្បន្ន។ Charmaine និយាយថា សម្រាប់នាង ការសម្ដែងគឺជាអាទិភាព។
តារាស្រីរូបនេះក៏បានបង្ហើបដែរថា នាងមានមហិច្ឆតាចង់ក្លាយជាផលិតករ។ នាងចាប់ផ្ដើមដឹងពីក្តីសុបិនរបស់ខ្លួនបន្ទាប់ពីថតរឿងភាគរឿង Queen of News សម្រាប់ទូរទស្សន៍ TVB នាពេលថ្មីៗនេះ ដោយក្នុងរឿងនោះ Charmaine ដើរតួជាពិធីករព័ត៌មាន។
ចាប់តាំងពីចូលសិល្បៈមក Charmaine Sheh ធ្លាប់បើកចំហទំនាក់ទំនងស្នេហាពីរលើកប៉ុណ្ណោះគឺទីមួយជាមួយតារាសម្តែង Benny Chan និងមួយលើកទៀតជាមួយតារាសម្ដែង Kevin Cheng ។
ក្រោយពេលបែកគ្នាជាមួយមិត្តរួមការងារនៅ TVB តារាស្រីរូបនេះបានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាជាច្រើនជាមួយអ្នកជំនួញ និងតារាសម្ដែងល្បីៗនៅហុងកុង តែមិនមានការបញ្ជាក់ផ្លូវការនោះទេ។
គួរបញ្ជាក់ថា Charmaine Sheh ដែលបច្ចុប្បន្នមានវ័យ ៤៨ឆ្នាំគឺជាតារាស្រីមានបំផុត និងស៊ីថ្លៃខ្ពស់បំផុតនៅក្នុងវិស័យសិល្បៈហុងកុង។ យោងតាម HK01 ប្រាក់ចំណូលរបស់នាងក្នុងមួយឆ្នាំៗគឺលើស ១០០លានដុល្លារហុងកុង ឬ ១២លានដុល្លារអាមេរិក។ ក្រៅពីការងារសិល្បៈ នាងក៏វិនិយោគក្នុងវិស័យអចលនទ្រព្យជាច្រើនផងដែរ។
បន្ទាប់ពីអភិវឌ្ឍអាជីពជាច្រើនឆ្នាំនៅចិនដីគោក Charmaine បានត្រលប់ទៅធ្វើការនៅហុងកុងវិញកាលពីចុងឆ្នាំ ២០២២ និងត្រូវបាន TVB អញ្ជើញឱ្យដើរតួក្នុងគម្រោងភាពយន្តជាច្រើន ៕
























Account
Security
Favourite Content