នៅក្នុងវីដេអូមួយដែលបានបង្ហោះលើគណនីយូធូបផ្លូវការ Season B Season របស់តារាចម្រៀង Rain មានការចូលរួមពី Young Tak ជាភ្ញៀវកិត្តិយសដើម្បីចែករំលែកអំពីរឿងរ៉ាវផ្សេងៗទាំងការងារ និងជីវិតប្រចាំថ្ងៃ។
ក្នុងនោះផងដែរ Young Tak ក៏បានចែករំលែកពីការចេញអាល់ប៊ុមដំបូង និងអាល់ប៊ុមទីពីររបស់លោក ហើយសម្រាប់ឆ្នាំនេះផ្ទាល់លោកបានចេញមីនីអាល់ប៊ុមមួយទៀតមានឈ្មោះថា “SuperSuper”។ លោកបានចែករំលែកដោយភាពរីករាយបន្ថែមថាកំលុងពេលចាប់ផ្ដើមធ្វើការទៅលើការផលិតបទចម្រៀងហើយ នៅពេលដែលលោកបានឃើញផលិតផលសម្រេច វាពិតជាធ្វើឱ្យលោកមានអារម្មណ៍រំភើបចិត្តខ្លាំងមែនទែន។

ទន្ទឹមនឹងនោះ Rain បានចែករំលែកដែរថាលោកក៏មានអារម្មណ៍បែបនោះដូចគ្នាដោយលើកឡើងអំពីដំណើរក្នុងការផលិតបទចម្រៀងនីមួយៗដែលមានទាំងភាពជោគជ័យ និងទុក្ខលំបាកដើរទៅទន្ទឹមគ្នា។ ជាពិសេសលោកថែមទាំងបានបង្ហើមជាលើកដំបូងនូវរឿងរ៉ាវមួយចំនួននៅពីក្រោយ “Rainism” ដោយពីដំបូងឡើយបទចម្រៀងមួយនេះគឺត្រូវបានក្រុមការងារបដិសេធកំលុងពេលត្រួតពិនិត្យហើយគេក៏បានប្រាប់លោកកុំឱ្យរវល់នឹងបទចម្រៀងមួយនេះទៀតផង។ ប៉ុន្តែលោកបែរជាជម្នះដើម្បីបញ្ចេញបទចម្រៀងនេះ និងជាលទ្ធផលគឺពិតជាបានជោគជ័យមែន។


ឈានដល់រឿងរ៉ាវជីវិតវិញម្ដង Young Tak បាននិយាយថារឿងចាំបាច់ និងល្អបំផុតដែលមនុស្សប្រុសអាចធ្វើបានក្នុងជីវិតគឺធ្វើឱ្យឪពុកម្ដាយញញឹម ធ្វើឱ្យប្រពន្ធញញឹម និងធ្វើឱ្យកូនញញឹម។ ខណៈនោះ Rain ក៏បានយល់ស្រប និងបន្ថែមថាសម្រាប់លោកការធ្វើឱ្យប្រពន្ធសប្បាយចិត្តមិនមែនជារឿងលំបាកនោះទេគឺគ្រាន់តែជួយកិច្ចការងារផ្ទះ បោសសម្អាត និងឱបនាងពីក្រោយហើយលើកទឹកចិត្តនាងដោយមិនចាំបាច់មានហេតុផលណាមួយនោះទេ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង Rain បានសម្រេចចិត្តបញ្ចប់ភាពនៅលីវជាមួយតារាសម្ដែងស្រី Kim Tae Hee ក្នុងឆ្នាំ ២០១៧ ដោយទទួលបានកូនស្រីពីរនាក់ជាចំណងដៃ។ នៅឆ្នាំ ២០២១ គូស្នេហ៍ទាំងពីរបានទិញអគារមួយនៅសង្កាត់ Seocho ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩២ ពាន់លានវ៉ុន ឬប្រហែល ៦៩ លានដុល្លារអាមេរិក។ ថ្មីៗនេះពួកគេក៏ទើបនឹងទិញអគារមួយផ្សេងទៀតនៅ Apgujeong Rodeo ក្នុងតម្លៃ ១៥៨០០ លានវ៉ុន ឬប្រហែលជិត ១២ លានដុល្លារអាមេរិកផងដែរ ៕


























Account
Security
Favourite Content