កាលពីឆ្នាំ ២០២១ តារាចម្រៀងខេប៉ុបល្បី Rain បានបណ្ដុះបណ្ដាល និងបញ្ចេញក្រុមចម្រៀងខេប៉ុប Ciipher។ Ciipher ជាក្រុមចម្រៀងបុរសដំបូងដែលចេញច្រៀងក្រោមផលិតកម្មរបស់ Rain មានសមាជិកចំនួន ៧ នាក់។

តារាប្រុស Rain បានចំណាយញើសឈាមជាច្រើនលើក្រុមចម្រៀងមួយនេះសង្ឃឹមថាពួកគេអាចទទួលបានជោគជ័យដើរតាមក្ដីស្រមៃរបស់ខ្លួន។ លោកថែមទាំងឱ្យភរិយារបស់លោកតារាស្រី Kim Taehee បង្ហាញខ្លួនក្នុងចម្រៀងពួកគេផងដែរ។ ជាបន្ដមកទៀត ក្រុម Ciipher ក៏មានឱកាសបានឡើងកម្មវិធីជាមួយតារាស្រីល្បី Lee Hyo Ri ទៀត។
Rain ធ្លាប់បានទម្លាយថា៖ ប្រាក់ដែលលោកបោះទុនបង្កើតក្រុមចម្រៀង Ciipher គឺច្រើនដែលអាចទិញផ្ទះមួយបានរស់នៅយ៉ាងស្រួល។ លោកបន្ថែមថា ពេលខ្លះលោកក៏មិនយល់ដូចគ្នាហេតុអ្វីទើបលោកសម្រេចបង្កើតក្រុមចម្រៀងមួយនេះឡើងមក។


អ្វីដែលធ្វើឱ្យមហាជនហាក់មានការសោកស្ដាយ ក្រុមហ៊ុនរបស់ Rain ក៏បានប្រកាសថា សមាជិក ៤ រូបរបស់ក្រុម Ciipher រួមមានដូចជា Won, Tan, Tag និង Dohwan នឹងចាកចេញពីក្រុម។ ចំណែកសមាជិក ៣ រូបផ្សេងទៀតដែលនៅសេសសល់ HyunBin, Keita និង Hwi នឹងបន្ដសកម្មភាពទោលរបស់ពួកគេ និងអាចចូលរួមជាមួយក្រុមចម្រៀងផ្សេងនាពេលអនាគត។
ក្រុមហ៊ុន Rain បានបន្ដថា៖ ការសម្រេចចិត្តនេះធ្វើឡើងក្រោយពីបានពិភាក្សាជាមួយសមាជិកទាំងអស់ ខណៈក្រុមហ៊ុនក៏បានយល់ស្របតាមការសម្រេចចិត្តរបស់សមាជិកម្នាក់ៗផងដែរ។

អនាគតរបស់ក្រុមចម្រៀង Ciipher ត្រូវបានបញ្ចប់ក្រោយចេញច្រៀងបានរយៈពេលជាង ២ ឆ្នាំ ស្របពេលដែលប្រាក់ជាច្រើនដែល Rain បានចំណាយលើក្រុមចម្រៀងមួយនេះក៏ត្រូវរំពឹងថាបាត់បង់ដូចគ្នា៕

























Account
Security
Favourite Content