បន្ទាប់ពីលោក PSY បានបង្ហាញវត្តមាននៅលើឆាកប្រគំតន្រ្តី Super Idol Season 2 កាលពីថ្ងៃទី២ ខែវិច្ឆិកា តារាចម្រៀងរបស់កូរ៉េខាងត្បូងរូបនេះ បានបង្ហោះសារដ៏ខ្លីមួយនៅលើគណនី Instagram ផ្ទាល់ខ្លួនពីប្រទេសកម្ពុជា។

ត្បិតអាកាសធាតុមិនសូវអំណោយផលក៏ពិតមែន តែការប្រគំតន្រ្តីដែលបានប្រារព្ធធ្វើឡើងឯកោះពេជ្រ នៅតែរក្សាទុកអនុស្សាវរីយ៍សម្រាប់អ្នកគាំទ្រ និងលោក PSY ដោយហេតុថាតារាចម្រៀងរូបនេះនៅតែឡើងសម្ដែង ឯអ្នកគាំទ្រម្នាក់ៗនៅតែបន្តស្រែកហ៊ោក្រោមតំណក់ភ្លៀងនៅរាត្រីនោះ។
ក្រៅពីចម្រៀងដែលកន្ត្រាក់អារម្មណ៍ហើយ យោងតាមការបកប្រែរបស់ K-Pop World ម្ចាស់បទ GANGNAM STYLE រូបនេះបាននិយាយយកចិត្តទស្សនិកជនកម្ពុជានៅលើឆាកតន្រ្តីថា ទោះបីថ្ងៃនេះភ្លៀងខ្លាំងក៏ពិតមែន តែកម្លាំងគាំទ្ររបស់កម្ពុជាធ្វើឱ្យគាត់ស្ដាយក្រោយដែលគាត់មិនដែលមកប្រទេសកម្ពុជាពីមុនមក គាត់គួរតែមកឱ្យបានច្រើនដងជាងនេះ។

ដោយឡែកមួយថ្ងៃបន្ទាប់ពីកម្មវិធីចប់ តារាប្រុសវ័យ ៤៦ ឆ្នាំរូបនេះបានបង្ហោះសំណេរខ្លីមួយដែលជាការយល់ឃើញផ្ទាល់ខ្លួនរបស់លោកចំពោះប្រទេសកម្ពុជានៅលើគណនី Instagram ថា “It was unforgettable #cambodia” ដែលមានន័យជាភាសាខ្មែរថា “វាជារឿងដែលមិនអាចបំភ្លេចបានទេកម្ពុជា”។ ប្រយោគខ្លីតែពេញដោយអត្ថន័យមួយនេះ កាន់តែធ្វើឱ្យប្រជាជនកម្ពុជាប្រគល់បេះដូងជូនលោកតាមរយៈការបញ្ចេញមតិអបអរសាទរជាច្រើននៅក្រោមការបង្ហោះនោះ។
ជាដំណឹងល្អសម្រាប់អ្នកនិយមស្ដាប់ចម្រៀងខេប៉ុប Super Idol បានបង្ហើបថា JU-NE និង DK សមាជិក iKON រួមជាមួយនឹង Hyolyn អតីតសមាជិកក្រុម Sistar នឹងចូលរួមនៅក្នុងកម្មវិធីប្រគំតន្រ្តី Super Idol នៅរដូវកាលក្រោយដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅដើមឆ្នាំ ២០២៥ ខាងមុខនេះ៕



























Account
Security
Favourite Content