ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។


ក្នុងនោះ សាស្រ្តាចារ្យ ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងក្នុងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានសមាគមថា លោកចង់ប្រធានសមាគមន៍អាណត្តិទី ៦ ផ្តោតសំខាន់រឿង ២ យ៉ាងរួមមាន៖
១. ចក្ខុវិស័យទូលំទូលាយ និងលើកកម្ពស់សិល្បៈសម័យ-បុរាណ៖ សាស្រ្តាចារ្យ ព្រឿង ឈៀង ចង់ឱ្យប្រធានសមាគមន៍អាណត្តិទី ៦ មានចក្ខុវិស័យទូលំទូលាយកុំប្រកាន់បុរាណឬសម័យ ពោលគឺយើងធ្វើលេខបូក (+) ឱ្យអ្វីជាអត្ថសញ្ញាណព្រលឹងជារបស់ខ្មែរយើងប្រមូលមកឱ្យតម្លៃទាំងអស់។
២. ជីវភាពសិល្បករចាស់ៗ៖ គិតអំពីជីវភាពសិល្បករចាស់ៗដែលបានពលីកម្មដើម្បីទម្រង់សិល្បៈដែលបន្សល់ទុកពីដូនតាស្ទើរតែមួយជីវិត ប៉ុន្តែជីវភាពបែរជានៅមានកម្រិត ដូច្នេះសមាគមត្រូវយកចិត្តទុកដាក់ លើកកម្ពស់ទាំងសម្ភារៈ និងស្មារតីតាមលទ្ធភាពដែលអាចធ្វើទៅបាន។


ដូចអ្វីដែលបានលើកឡើងមុនឡើងកាន់តំណែងប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ខ្លីខ្លឹមថា «ស្លៀកខោចាប់ផ្តើមធ្វើការ» ដូច្នេះគ្រាន់តែចាប់ផ្តើមតំណែងនេះភ្លាម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចាប់ផ្តើមចេញបំពេញការងារតួនាទីជាមួយសិល្បករ-សិល្បការិនីជាហូរហែ។ ជាក់ស្តែង កាលពីរសៀលថ្ងៃ ៩ ខែឧសភា ម្សិលមិញ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានដឹកនាំក្រមការងារអញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ដោយក្ដីព្រួយបារម្ភចំពោះសុខភាពលោកជាពន់ពេក៕
























Account
Security
Favourite Content