មិនយូរទៀតនោះទេ បេក្ខភាព Miss Global 2023 ប្រមាណជាង៨០ប្រទេស នឹងធ្វើដំណើរមកទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធីលំដាប់អន្តរជាតិ Miss Global 2023 ដែលកម្ពុជាយើងសហការជាមួយប្រទេសវៀតណាម ក្នុងការទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិនេះ។

ក្នុងកិច្ចសម្ភាសសិល្បៈមួយកាលពីពេលថ្មី លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស និងជាអ្នកទទួលបន្ទុករៀបចំកម្មវិធី Miss Global 2023 នៅកម្ពុជា បានឱ្យដឹងថា បេក្ខភាពជាង ៨០ប្រទេសមកពីជុំវិញពិភពលោកនឹងធ្វើដំណើរមកកម្ពុជានៅចន្លោះថ្ងៃទី១ និងទី២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីចូលរួមពិធីបំពាក់ឈៀងផ្លូវការ។ លុះថ្ងៃទី៣ បេក្ខភាពទាំងអស់នឹងធ្វើការហោះទៅប្រទេសវៀតណាម បន្តសកម្មភាពការប្រកួតផ្សេងៗ រួមទាំងការប្រកួត Prelimininary Competion ផងដែរ។ រហូតថ្ងៃទី១៤ មករា បេក្ខភាពទាំងអស់នឹងត្រឡប់មកដល់ទឹកដីកម្ពុជាយើងវិញ ដើម្បីហាត់សមត្រៀមវគ្គប្រកួតឈុតតំណាងជាតិ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលគ្រោងប្រារព្ធឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

លោក អ៊ិន សុភិន បន្តថា ការប្រកួត Miss Global 2023 នឹងធ្វើឡើងក្នុងរូបភាពថ្មីប្លែកដោយមានការ update ខ្លាំងលើឆាកកម្មវិធី បច្ចេកទេសភ្លើង ប្រព័ន្ធសំឡេង ។ល។ គួបផ្សំការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន ដូច្នេះលោកធានាថា នឹងប្លែកខ្លាំងជាក់ជាមិនខាន។ ដោយឡែក សម្រាប់បេក្ខភាពដែលមកចូលរួមប្រកួតប្រជែងកម្មវិធី Miss Global 2023 វិញនោះសុទ្ធសឹងតែជាជើងខ្លាំងមកពីជុំវិញពិភពលោក ក្នុងនោះ Miss Global Cambodia 2023 កញ្ញា លក្ខណ៏ មុនីអានីតា ក៏ត្រៀមខ្លួនជាស្រេចហើយក្នុងការតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងវេទិកាអន្តរជាតិដ៏ធំនេះ។
វាពិតជាមានអត្ថន័យ និងមានសារសំខាន់ណាស់ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិ ព្រោះវាជាឱកាសដ៏ល្អដែលយើងអាចនាំស្រ្តីមកពីជុំវិញពិភពលោកឱ្យមើលឃើញកម្ពុជា ស្នាមញញឹម សិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើង ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកឃើញ ក៏ដូចជាជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើង។ នេះជាគោលដៅចម្បងរបស់អ្នករៀបចំកម្មវិធី។




បន្ថែមពីលើនោះទៀត គ្រប់គ្នានឹងបានទទួលយកបទពិសោធន៍ពិតប្រាកដនៃការមកទស្សនាប្រទេសកម្ពុជា តាមរយៈតំបន់ទេសចរណ៍ ម្ហូបអាហារ ការស្នាក់នៅជាដើម។ រឹតតែពិសេសជាងនេះទៀតនោះ កម្មវិធី Miss Global 2023 នឹងរៀបចំឡើងនៅ ២ប្រទេស គឺកម្ពុជា និង វៀមណាម ដើម្បីជាការអបអរសាទរខួបគម្រប់១០ឆ្នាំនៃកម្មវិធី Miss Global ដូចនេះយើងចង់ឱ្យមានអ្វីថ្មីប្លែក ជាការទាក់ទាញ កុំឱ្យមើលទៅដដែលៗដូចកាលរៀបចំកន្លងទៅ៕






















Account
Security
Favourite Content