មួយរយៈចុងក្រោយ តារាសម្ដែងដ៏មានទេពកោសល្យ ព្រះកាយច័ន្ទ មិនសូវជាបង្ហាញមុខតាមរយៈភាពយន្តច្រើនដូចកាលពី ៤-៥ ឆ្នាំមុនឡើយ។ ព្រោះនាងមមាញឹកនៅក្នុងក្លឹប ព្រះកាយច័ន្ទ ដែលបណ្ដុះបណ្ដាលការសម្ដែង ដើរម៉ូដ ច្រៀង និងរាំដល់អ្នកជំនាន់ក្រោយ ដើម្បីបន្តវេនសិល្បៈខ្មែរតទៀត។
ប៉ុន្តែក្រោយសង្កេតឃើញតារាជាច្រើនដែលពាក់ព័ន្ធក្នុងវិស័យសិល្បៈខ្មែរគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ ហើយអាចសម្ដែងប្រើពាក្យ និងកាយវិការមិនសមរម្យកាន់តែច្រើន ម្ចាស់ក្លឹបរូបនោះបានលើកឡើងពីរឿងអ្នកសិល្បៈប៉ុន្មានចំណុច ត្រូវចិត្តអ្នកសិល្បៈ និងមហាជនខ្លាំងមែនទែន ព្រោះសង្កេតឃើញបែបនេះមែន។ ខាងក្រោមនេះ គឺជាការលើកឡើងរបស់តារាខ្មែរដែលបានចេញពីសាលាវិចិត្រសិល្បៈ និងមានឈាមជ័រជាអ្នកសិល្បៈតាំងពីជីដូន និងឪពុកនាងស្រាប់៖

អ្នកសិល្បៈ
💔លក់ឡេសុខៗ មានឈ្មោះជាអ្នកសិល្បៈ
💔មានលុយ មានអំណាច ក្លាយជាអ្នកសិល្បៈ
💔ល្បីគេស្គាល់ច្រើន ដោយអាជីពផ្សេង បានក្លាយជាអ្នកសិល្បៈ
នាងបានបន្តលើកឡើងថា “ខ្ញុំមិនហាមឃាត់ទេ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិប្រកបអាជីពជាអ្នកសិល្បៈ បានមិនថាខ្លួនធ្លាប់ជាអ្វីនោះទេ តែសូមគិតថាសិល្បៈជាអាជីព ជាមុខរបរ ជាជំនាញ ដូច្នេះ មិនមែនឱ្យតែមានដុង ស្រឡាញ់តែមួយខ្យល់ៗ អាចចូលសិល្បៈបាននោះទេ។ អ្នកសិល្បៈត្រូវការ ពេលហាត់រៀនមានក្បួនខ្នាត មានវិជ្ជាជីវៈរាប់ឆ្នាំ ទម្រាំគេ មានឈ្មោះជាអ្នកសិល្បៈ។ ចង់យក influencers ល្បីៗ ឬអ្នកផ្សេងមកថត មកសម្ដែងក៏យកចុះ តែសូមកុំដាក់ងារគាត់ជាអ្នកសិល្បៈអី អាណិតអ្នកសិល្បៈពិតប្រាកដផង សិល្បៈមិនមែនជារបរថោកទាបទេ កុំមកមើលងាយ។ ខ្ញុំលើកឧទាហរណ៍ដូចជានៅប្រទេសកូរ៉េ ដែលមានក្រុមតារាល្បីៗជាច្រើន ល្បីពាសពេញពិភពលោក តែគេខំប៉ុណ្ណា? គេហាត់រៀនប៉ុន្មានឆ្នាំ ? គេមានក្រឹត្យក្រមអ្វីខ្លះ មុនបង្កើតជាក្រុមមួយ? គេយល់ពីវប្បធម៌ប្រទេសគេប៉ុណ្ណា? ដោយឡែកស្រុកខ្ញុំ ឱ្យតែសម្រស់ពេញចិត្តគេ ទោះគ្មានសមត្ថភាពក៏ធ្វើអ្នកសិល្បៈបាន ទាំងល្ងឹតល្ងង់ មិនដែលហាត់រៀន គ្មានគ្រូ គ្មាននិស្ស័យ គ្មានការយល់ដឹងពីសិល្បៈ តួសម្ដែងខ្លះមិនយល់ផងថា “នាដកម្ម”ជាអ្វី? ទាត់ក្បាលអ្នកមានជំនាញចោល យកតែមនុស្សល្ងង់ បានតែស្អាតសំបកក្រៅមកសម្ដែង។ បើនិយាយពីរឿងបុរាណវិញ ចង់តួខុសក្បួនខ្នាតម៉េចក៏ថាល្អដែរ ហើយតែយកលេសថា គ្នាអ្នកសម័យ គ្នាម៉េចដឹង គ្នាអ្នកដើរម៉ូត គ្នាជាបវរកញ្ញាគ្នាម៉េចដឹង? ខ្ញុំសួរវិញ ចុះសិស្សដែលគេរៀនផ្នែកនាដសាស្រ្តម៉េចមិនយកគេមកសម្ដែង? ក្រែងគេចេះសព្វគ្រប់អស់តើ។ ខ្ញុំសង្វេគអ្នកបុរាណខ្ញុំនិយាយមែន សិល្បៈតំណាងជាតិ សម្ដែងចប់បាន អស់ហើយ $ 20… តែហាត់ចង់ងាប់។ សិល្បករបុរាណនៅប្រទេសជិតខាង សុទ្ធតែមានអង្គរក្សឆ្វេងស្តាំ។ កូរ៉េគេមាន K-pop ចុះយើង??? ស្នាដៃរបាំតម្កើងថ្មីៗ មានដែលទៅមើលអត់? តិចថាអ្នករបាំបុរាណ អត់គំនិតឆ្នៃប្រឌិតអីចុះ។ បើអ្នកដឹកនាំរឿងខ្លះសម្តីម៉ាបេន អ្នករបាំចេះតែរាំហ្នឹង…នែ ខ្ញុំប្រាប់អ្នកឯងឱ្យដឹង អ្នករបាំ គេចេះទាំងរាំ គេចេះទាំងច្រៀង គេចេះទាំងសម្ដែង គេចេះទាំងនិពន្ធ គេចេះទាំងដឹកសម្ដែង គេចេះទាំងតម្កើងស្នាដៃ គេចេះទាំងឆ្នៃឈុត គេចេះទាំងរបៀបស្លៀកពាក់ គេចេះពីការផាត់មុខ …. បើអ្នករបាំបុរាណមិនអស្ចារ្យទេ មិនមែនគេចុះក្នុងបញ្ជីបេតិកភណ្ឌទេ កុំភ្លើពេក (អឹស សុំឈ្លើយបន្តិចចុះ)“។




តារាស្រីដែលអាចរាំទាំងរបាំបុរាណខ្មែរ និងរាំបែបសម័យ បានផ្ដាំជាចុងក្រោយ សូមយល់ឲ្យច្បាស់ពីអ្នកសិល្បៈ មិនមែនឲ្យតែអ្នកល្បីសុទ្ធតែជាអ្នកសិល្បៈទេ ហើយផ្ដាំដល់អ្នក ដឹកនាំកម្មវិធីធំៗថ្នាក់ជាតិមួយចំនួនដែរ អ្នកលក់អនឡាញ influencers ក៏ប្រកាសថាអ្នកសិល្បៈដែរ គួរតែឈប់ហៅបានយ៉ាងហើយ។ សំណេរមួយនោះ បានចាក់ទម្លុះចិត្តមហាជន ជាពិសេសអ្នកសិល្បៈគ្នាឯងបញ្ចេញមតិគាំទ្រការលើកឡើង និងចែករំលែកបន្ត ដោយយល់ស្របនឹងគំនិតព្រះកាយច័ន្ទដូចគ្នា។
ព្រះកាយច័ន្ទ គឺជាសិល្បករដែលមានចំណេះដឹង និងជំនាញច្បាស់លាស់។ នាងមិនត្រឹមមានទេពកោសល្យពីកំណើតនោះទេ តែនាងក៏ត្រូវបានដុះខាត់ចេញពីសាលាត្រឹមត្រូវថែមទៀត ហើយការសិក្សាក៏ល្អ ដែលអាចប្រើប្រាស់ទាំងភាសាជាតិ និងភាសាអង់គ្លេស ថៃ យ៉ាងស្ទាត់ជំនាញ៕























Account
Security
Favourite Content