ផន ស្រីពី បាននាំយកភាពរុងរឿងរបស់កម្ពុជាព្រមទាំងបានបង្ហាញភាពស្មោះត្រង់របស់ប្រជាជនកម្ពុជាតាមរយៈឈុត Evening gown ដែលច្នៃជាពិសេសដោយអ្នកជំនាញរចនាសម្លៀកបំពាក់ខ្មែរលោក ណុប ដាណេ និង Sophol Tailor។

ឈុត «ថាមពលនៃស្រ្តីកម្ពុជា» ដែលយកលំនាំតាមពណ៌ទង់ជាតិកម្ពុជាត្រូវបានបង្ហាញលើឆាកអន្តរជាតិក្នុងកម្មវិធីប្រកួត Miss Cosmo 2025 នៅឯប្រទេសវៀតណាម។ អត្ថន័យនៃឈុតមួយនេះតំណាងឱ្យ សេចក្ដីអង់អាច ក្លាហាន ភាពរុងរឿង ថ្លៃថ្នូរ សុចរិត យុត្តិធម៌ និងភាពស្មោះត្រង់របស់ប្រជាជនកម្ពុជា។
រីឯភាពចែងចាំងចេញពីឈុតដែលមានពន្លឺពណ៌សភ្លឺផ្លេកគឺតំណាងឱ្យប្រាសាទអង្គរវត្ត ដែលស្ថិតចំកណ្ដាលនៃទង់ជាតិកម្ពុជា។ តាមរយៈឈុតដែល Miss Cosmo Cambodia 2025 ផន ស្រីពី យកទៅបង្ហាញលើវេទិកាអន្តរជាតិនាលើកនេះបានបង្ហាញឱ្យពិភពលោកបានឃើញពីគំនិតច្នៃប្រឌិតរបស់អ្នកច្នៃម៉ូតកម្ពុជាដែលបានរំលេចនិងបញ្ចូលពណ៌នៃទង់ជាតិតំណាងប្រទេសចូលនៅក្នុងឈុតប្រកួតនាពេលនេះ។ មួយវិញទៀត Evening gown ដែល ស្រីពី បានបង្ហាញក្នុងវគ្គប្រកួតបឋមនាពេលនេះទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកចូលរួម ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានផងដែរ។
គួរឱ្យដឹងថា ពេលនេះបវរកញ្ញាសម្បុរស្រអែមស្រស់ ផន ស្រីពី កំពុងស្ថិតនៅក្នុងប្រទេសវៀតណាម ចូលរួមប្រកួត Miss Cosmo 2025 ដើម្បីមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ សង្ឃឹមថាមហាជនចូលរួមគាំទ្របវរកញ្ញាកម្ពុជារូបនេះដើម្បីទទួលបានជ័យជម្នះត្រឡប់មកមាតុប្រទេសវិញ៕





រូបភាព ៖ Phorn Sreypii-ផន ស្រីពី























Account
Security
Favourite Content