រឿងភាគកូរ៉េ “Doctor Slump” ដែលមានកាលចូលរួមសម្ដែងពីតារាល្បីៗ ដូចជា Park Shinhye និង Park HyunSik នឹងត្រៀមចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ។

មែនទែនទៅ វត្ដមានរបស់អ្នកទាំងពីរចាប់ដៃសហការគ្នាក្នុងរឿងភាគថ្មីមួយនេះពិតជាធ្វើឲ្យមហាជន និងអ្នកគាំទ្រអន្ទះសាចង់ទស្សនាយ៉ាងខ្លាំង។ តារាស្រីទាំងពីរធ្លាប់សម្ដែងរឿងរួមគ្នាម្ដងហើយគឺរឿង “The Heir” ក្នុងឆ្នាំ ២០១៣។ លើកនេះ កាន់តែពិសេសដោយអ្នកទាំងពីរសម្ដែងតួឯកគូនឹងគ្នាតែម្ដង។


ជាមួយគ្នាដែរ តារាស្រី Park Shinhye និងតារាប្រុស Park HyunSik ក៏បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន ក្រោយមានឱកាសបានសម្ដែងរឿងរួមគ្នាម្ដងទៀត ក្រោយបែកគ្នាអស់រយៈពេលជាង ១០ ឆ្នាំ។ តារាប្រុស Park HyunSik បានលើកឡើងថា៖ នៅពេលដែលលោកបានជួប Park Shinhye ម្ដងទៀត គឺមានអារម្មណ៍ថាពេលវេលាមិនដើរទៅមុខឡើយ ដូចពេលដែលអ្នកទាំងពីរបានជួបគ្នាដំបូង។ លោកពិតជារៀនសូត្រពីតារាស្រីរូបនេះបានយ៉ាងច្រើន បន្ទាប់ពីបានសហការគ្នាម្ដងទៀត។ នាងពិតជាធ្វើឲ្យលោកភ្ញាក់ផ្អើលចំពោះការសម្ដែងរបស់នាង។ លោកពិតជាមានអារម្មណ៍រីករាយដែលបានធ្វើការរួមគ្នាជាមួយនាងម្ដងទៀត។


ក្រឡេកមកមើលតារាស្រី Park Shinhye វិញរូបនាងបានលើកឡើងថា៖ នាងពិតជាមានអារម្មណ៍កក់ក្ដៅនៅពេលដែលបានសម្ដែងរួមគ្នាម្ដងទៀតជាមួយតារាប្រុស Park HyunSik។ វាហាក់ដូចជាពួកយើងទើបបាបជួបគ្នាម្សិលមិញ។ ពួកយើងពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងកំឡុងពេលថតរឿង ពួកយើងបានពិភាក្សាគ្នាជាច្រើន ជាហេតុធ្វើឲ្យបរិយាកាសពេលថតរឿងពិតជាល្អ។ មិនតែប៉ុណ្ណោះ ពួកយើងបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យការសម្ដែងកាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ថា “Doctor Slump” ជារឿងផលិតដោយ jTBC និយាយពីជីវិតរបស់សិស្សសាលាពូកែពីរនាក់ដែលពួកគេតែងតែប្រកួតប្រជែងគ្នា។ រហូតដល់ពេលធំឡើង ខ្សែជីវិតរបស់ពួកគេជួបរឿងនឹកស្មានមិនដល់ធ្វើឲ្យពួកគេចេះយល់ពីគ្នា និងជួយគ្នាទៅវិញទៅមក៕























Account
Security
Favourite Content