កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅនេះ ភាពយន្តភាគថ្មីរបស់ Park Hyung-sik រឿង Twelve ទើបតែបានចាក់ផ្សាយភាគដំបូងរបស់ខ្លួន ខណៈមានដំណឹងលេចឮថា តារាសម្ដែងកូរ៉េរូបនេះ ទទួលបានតម្លៃខ្លួនខ្ពស់ដល់ទៅ ៥០០លានវ៉ុន ឬប្រមាណ ៣៦ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគ។
យោងតាមសារព័ត៌មាន Zapzee ការងារសម្ដែងជាតួអង្គថ្មីប្លែកនេះ គឺតារាប្រុសវ័យ ៣៣ឆ្នាំទទួលបាននៅគ្រាដែលមានព័ត៌មានចុះផ្សាយថា លោកមានតម្លៃខ្លួន ៥០០លានវ៉ុន ឬប្រមាណ ៣៦ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគ។ ដូច្នេះ ការសម្ដែងនៅក្នុងភាពយន្តថ្មីរបស់ KBS នេះ លោកក៏អាចនឹងទទួលបានប្រាក់ចំណូលក្នុងទំហំតែមួយដែរ។

សូមជម្រាបថា នៅក្នុងសាច់រឿងដែលបំផុសគំនិតចេញពីឆ្នាំទាំង ១២ ចំណងជើងថា Twelve នេះ Park Hyung-sik បានដើរតួជា Ok Gwi គឺជាបិសាចក្អែកមួយរូបដែលបានបាត់បង់វត្តមានអស់ពេលរាប់ពាន់ឆ្នាំមកហើយ។ ការត្រឡប់មកវិញនេះ Ok Gwi បានមកទន្ទឹមគ្នានឹងគម្រោងបំផ្លាញពិភពលោក ក្លាយជាគូសត្រូវនឹងទេវតាឆ្នាំទាំង ១២ ដែលតែងតែការពារមនុស្សជាតិកន្លងមក។
ការផ្លាស់ប្ដូររសជាតិថ្មី មកជាតួអង្គអាក្រក់នៅគ្រានេះ អតីតសមាជិកក្រុមខេប៉ុប ZE:A ទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជន ស្របពេលដែលគេហទំព័រ FlixPatorl បានរាយការណ៍ថា ភាពយន្តនេះទទួលបានអ្នកទស្សនាច្រើនបំផុតលំដាប់លេខ ៩នៅលើ Disney Plus៕























Account
Security
Favourite Content