បន្ទាប់ពី Park Bom សមាជិកក្រុម 2NE1 អះអាងថានាងមិនបានទទួលការបង់ប្រាក់ពីអតីតភ្នាក់ងាររបស់ខ្លួនគឺ YG Entertainment នោះ ភ្នាក់ងារបច្ចុប្បន្នរបស់នាងក៏បានចេញបកស្រាយហើយថា ការចោទប្រកាន់របស់ Park Bom គឺមិនពិតនោះទេ។


សេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ទីភ្នាក់ងារ D Nation របស់ Park Bom ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែតុលានេះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
“នេះគឺជា D Nation Entertainment
ការទូទាត់ប្រាក់ទាំងអស់ទាក់ទងសកម្មភាព 2NE1 របស់ Park Bom ត្រូវបានបញ្ចប់រួចរាល់ហើយ ហើយមិនមានកំណត់ត្រាណាមួយដែលបញ្ជាក់ថាមានការដាក់ពាក្យបណ្តឹងអ្វីនោះទេ។
Park Bom បានបញ្ឈប់សកម្មភាពទាំងអស់ ហើយកំពុងផ្តោតលើការព្យាបាល និងសម្រាកដើម្បីជាសះស្បើយឡើងវិញ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយសិល្បករឱ្យមានសុខភាពល្អឡើងវិញ។”
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ២២ ខែតុលា Park Bom បានបង្ហោះរូបភាពនៃពាក្យបណ្ដឹងដែលមានស្លាកសរសេរថា៖ “បណ្ដឹង Park Bom ចោទប្រកាន់ Yang Hyun Suk” នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង រួមជាមួយ Caption សរសេរថា៖ “Park Bom ស្អប់ YG។ អ្នកលេងអ៊ិនធឺណិតជាទីស្រឡាញ់ទាំងអស់គ្នា សូមពិនិត្យមើលឱ្យបានហ្មត់ចត់នូវអ្វីដែល YG បានធ្វើចំពោះ Park Bom សូមអរគុណ។”

នៅក្នុងពាក្យបណ្តឹងនោះ Park Bom បានរៀបរាប់ថា៖ “ជនជាប់ចោទបានខកខានមិនបានបង់ឱ្យត្រឹមត្រូវនូវប្រាក់ចំណេញដែលទទួលបានពីសកម្មភាពទាំងអស់ដែលដើមបណ្តឹងបានចូលរួម រួមមានការចេញផ្សាយបទចម្រៀង ការប្រគំតន្ត្រី ការផ្សាយ ការផ្សាយពាណិជ្ជកម្ម ការចូលរួមព្រឹត្តិការណ៍ ការនិពន្ធទំនុកច្រៀង និងបទភ្លេង” និងបានទាមទារប្រាក់ដែលមិនទាន់បានទូទាត់ចំនួន “10020030040060070010400037 វ៉ុន (ប្រហែល 4.5 ក្វាទ្រីលានដុល្លារអាមេរិក”។
Park Bom បានផ្អាកសកម្មភាពការងារក្រុមជាមួយ 2NE1 ចាប់តាំងពីខែសីហា ដោយសារបញ្ហាសុខភាព ៕
























Account
Security
Favourite Content