សិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមពិធីសម្ពោធហាងសម្លៀកបំពាក់ KALKIN របស់អ្នកច្នៃម៉ូដ និងជាគ្រូបង្រៀនដើរ catwalk អូលីវ៉ា គង់ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។





ប្រកាសប្រាប់ដោយមោទនភាពទៅកាន់អ្នកចូលរួម និងអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក អូលីវ៉ា ថា ហាងសម្លៀកបំពាក់នេះជាសមិទ្ធផលដែលទទួលបានពីកម្លាំង ញើស ឈាមលោករយៈពេល ៩ ឆ្នាំ ដូច្នេះទើបលោករៀបចំពិធីសម្ភោធយ៉ាងធំដុំ ដោយមានអញ្ញើញភ្ញៀវកិត្តិយស សិល្បករ-សិល្បការិនី និងតារាល្បីៗយ៉ាងច្រើនកុះករមកចូលរួមធ្វើជាសក្ខីភាពនៃការប្រកាសយីហោសម្លៀកបំពាក់ KALKIN។
អូលីវ៉ា រំឭកថា ពីមុនមកលោកធ្លាប់ប្រើប្រាស់ឈ្មោះ Queen Victoria ជាស្លាកយីហោផ្ទាល់ខ្លួន ទើបសម្រេចចិត្តផ្លាស់ប្តូរមកជា KALKIN នៅពេលនេះ។ អ្នកច្នៃម៉ូដរូបនេះ ចង់បង្កើតឱ្យមានភាព unique អ្វីមួយដែលគេពុំដែលធ្លាប់មាន ហើយស្លាកយីហោនោះមានប្រភពចេញពីប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរយើង។ បន្ទាប់ពីបានចំណាយពេលសិក្សាស្វែងយល់ពីប្រាង្គប្រាសាទអង្គរវត្ត ក៏ដូចជា ក្បូរក្បាច់រចនាដ៏ប្រណីតនៅលើរូបចម្លាក់ អូលីវ៉ា រឹតតែមានឆន្ទៈក្នុងការនាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញពិភពលោក ដើម្បីឱ្យគេបានឃើញពីភាពអស្ចារ្យរបស់ខ្មែរយើង។


អ្នកច្នៃម៉ូដមានប្រភពពីខេត្តពោធិ៍សាត់រូបនេះសង្កត់ធ្ងន់ថា ស្លាកយីហោ KALKIN បានចុះបញ្ជីក្នុងក្រសួងពាក់ព័ន្ធនានាយ៉ាងត្រឹមត្រូវ ជាស្លាកយីហោសម្លៀកបំពាក់របស់កូនខ្មែរសុទ្ធសាធ។ អ្វីដែលលោកត្រូវការបំផុតនៅពេលនេះ គឺកម្លាំងចិត្ត និងការជួយគាំទ្រពីពុកម៉ែបងប្អូនប្រជាជនកម្ពុជា ព្រោះ ស្លាកយីហោ ឬផលិតផលណាមួយអាចជ្រៀតចូលទីផ្សារបរទេសបាន លុះត្រាណាដែលតែមានសន្ទុះគាំទ្រក្នុងស្រុកជាមុនសិន។ ដូច្នេះ ហើយលោកសូមអំពាវនាវឱ្យពុកម៉ែប្អូនជួយគាំទ្រផលិតផលជាតិរបស់យើងឱ្យបានច្រើន ដើម្បីយើងមានលទ្ធភាពជ្រៀតខ្លួនចូលទីផ្សារអន្តរជាតិបាន។





បន្ទាប់ពីបើកសម្ពោធហាងលក់សម្លៀកបំពាក់ សាលាបង្ហាត់ដើរ និងច្នៃម៉ូដ អូលីវ៉ា គង់ ក៏ត្រៀមចូលរួមដើរកម្រាលព្រំក្រហមកម្មវិធី Cannes នៅប្រទេសបារាំងនាពេលឆាប់ៗនេះផងដែរ។ អ្នកច្នៃម៉ូដរូបនេះបង្ហើបថា លោកត្រៀមច្នៃម៉ូដពិសេសៗ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ ស្នាដៃដ៏ប្រណីតរបស់ designer ខ្មែរយើង៕























Account
Security
Favourite Content