តារាស្រីសម្បុរទឹកឃ្មុំ នៅ ដាណា មិនត្រឹមតែជាតារាចម្រៀងឯករាជ្យដែលមានទឹកដមសំឡេងពីររោះរណ្តំចិត្តប៉ុណ្ណោះ នាងថែមទាំងមានសមត្ថភាពសម្តែងខ្ពស់ថែមទៀតផង ដោយអាចបត់បែនសម្តែងតួអង្គជាច្រើនតាមដែលអ្នកដឹកនាំរឿងត្រូវការ។ កន្លងមកតារាសម្តែងរូបស្រស់នេះ បានលេចមុខក្នុងរឿងភាគទូរទស្សន៍ក្នុងស្រុក និងរឿងខ្នាតធំរបស់ផលិតកម្មក្នុងស្រុកជាច្រើនផងដែរ។ ថ្មីៗនេះ នាងក៏បានចូលរួមសម្តែងក្នុងរឿង «បណ្តាសារនាងរាត្រី» ជាខ្សែភាពយន្តខ្នាតធំថ្មីរបស់ LD Entertainmnet។

ជារឿយៗតារាសម្តែងមួយរូបនេះ រមែងទទួលបានពាក្យលើកសរសើរពីមនុស្សជុំវិញខ្លួនលើការសម្តែង មិនថារឿងមនោសញ្ចេតនា ឬរឿងបែបភ័យរន្ធត់នោះទេ សូម្បីតែតួឆ្នាស់ក៏ ដាណា សម្តែងបានល្អដូចគ្នា។ ពាក់ព័ន្ធរឿងនេះតារាសម្តែងពោរពេញដោយទេពកោសល្យ នៅ ដាណា ថា មែនទែនទៅ គឺនាងមានការតាំងចិត្តខ្ពស់គ្រប់ពេលសម្តែងរឿងម្តងៗ មិនថារឿងភាគ ឬដុំទេ ឱ្យតែដាក់ចិត្តទទួលរឿងគេហើយត្រូវតែមានការតាំងចិត្ត និងហ៊ានលះបង់ដើម្បីសាច់រឿង។
តារាស្រីរូបនេះបញ្ចេញទស្សនៈផ្ទាល់ខ្លួនឱ្យដឹងថា នាងពេញចិត្តខ្លាំងណាស់ពេលឃើញផលិតកម្មហៅតួ casting មុនពេលជ្រើសរើសជាតួសម្តែងក្នុងរឿងណាមួយ ដែលវាបង្ហាញពីសមត្ថភាពពិតប្រាកដរបស់តារាសម្តែង ថាត្រូវជាមួយជាតួអង្គក្នុងរឿងឬអត់ មិនមែនចេះតែចាប់ដាក់ឱ្យរួចតែពីដៃនោះទេ។

សោភារូបស្រស់ នៅ ដាណា បន្តថា សម្រាប់នាងគឺហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីឱ្យភាពយន្តមួយមានគុណភាពស្តង់ដារសម្រាប់ទីផ្សារជាតិ-អន្តរជាតិ។ ជាក់ស្តែងបើ Casting ជាប់ ហើយផលិតករតម្រូវឱ្យនាងស្រក-ឡើងគីឡូ ឬត្រូវការសក់ឱ្យត្រូវនឹងតួអង្គ គឺនាងហ៊ានធ្វើទាំងអស់ ហើយប្រសិនបើតួស្រីនោះត្រូវចេះក្បាច់គុន វាយតប់ ក៏នាងសុខចិត្តចំណាយពេលហាត់រៀនជំនាញទាំងនោះ ធ្វើយ៉ាងណាឱ្យការសម្តែងចេញមកល្អប្រសើរ ទោះបីវាមិនដូចអ្នកអាជីពតែនាងជឿជាក់ថា ការធ្វើបែបនេះនឹងធ្វើឱ្យការសម្តែងចេញមកដូចពិតៗតែម្តង។ លើសពីនេះទៀត ដាណា ក៏ហ៊ានលះបង់រាយកាយថតប្លង់ពិតៗ ដោយពុំមានតួជំនួសផងដែរ ឱ្យតែនាងគិតថា ប្លង់ថតទាំងនោះសមល្មមអាចសម្តែងខ្លួនឯងបាន គឺនាងហ៊ានថតទាំងអស់។




ជាការពិត តម្លៃពលកម្ម ឬហៅថា ប្រាក់កម្រៃ ពីការថតជារឿងសំខាន់ តែបើយើងពួតដៃគ្នាជួយជ្រោមជ្រែងឱ្យរឿងមួយផលិតចេញមកមានគុណភាពខ្ពស់សម្រាប់ទីផ្សារ នោះយើងជាតួសម្តែងនឹងបានល្បី ហើយពេលយើងល្បី ផលិតកម្មល្បីឈ្មោះទៅក្រៅប្រទេស តម្លៃទីផ្សាររបស់យើងក៏ហក់ឡើងខ្ពស់ទៅតាមនោះដែរ។ នេះបើតាមការបញ្ជាក់របស់ ដាណា ក្នុងថ្ងៃសម្ភោធរឿង រឿង «បណ្តាសារនាងរាត្រី»។
ផ្តល់បទសម្ភាសន៍ដោយទឹកមុខញញឹមប្រិមប្រិយ ម្ចាស់បទ «ចង់មានស្នេហា» យល់ថា ដើម្បីឱ្យវិស័យភាពយន្តខ្មែរកាន់តែមានភាពរីកចម្រើន និងមានលទ្ធភាពអាចឈានចូលទីផ្សារអន្តរជាតិបាន លុះត្រាណាតែយើងពួតដែគ្នាចូលរួមជំរុញទាំង ផលិតកម្ម ផលិតករ តួសម្តែង រួមទាំង ទស្សនិកជន ផងដែរ៕





















































Account
Security
Favourite Content