តារាសម្តែង និងជាតារាចម្រៀងឯករាជ្យសំឡេងផ្អែម នូ ឧសភា ជាសិល្បករម្នាក់ដែលនិយមសាក់រូបលើដងខ្លួន ដោយលោកបានសាក់រូបប្លែកៗជាច្រើនលើដងខ្លួន ដើម្បីបំពេញចំណងចំណូលចិត្តខ្លួនឯង។


ដ្បិតកន្លងមកគេឧស្សាហ៍ឃើញ ម្ចាស់បទ “ព្រងើយ” សម្ញែងសាច់ដុំកង់ៗលាយឡំស្នាមសាក់បែបសិល្បៈលើដងខ្លួន តែគេមិនដែលដឹងថា ស្នាមសាក់របស់លោកមានបង្កប់អត្ថន័យជ្រាលជ្រៅឡើយ។ ប្រហែលដោយសារមានគេសួរលោកច្រើនរឿងសាក់ឆ្នូតក្រហមមួយ ទើបថ្មីៗនេះទម្លាយឱ្យដឹងថា ការពិតលោកសាក់ឆ្នូតក្រហមនោះតាមពណ៌នៃទង់ជាតិព្រះរាជាណាចក្រកម្ពុជា ដែលពណ៌ក្រហម តំណាងឱ្យស្មារតី អង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ។
ពេលដឹងអត្ថន័យនេះហើយ ហ្វេនខ្លះលើកសរសើរតារាចម្រៀងរូបនេះ តែខ្លះទៀតក៏ Comment បែបលេបខាយថា ពួកគេមើលតែរូបរាងដងខ្លួនដ៏ស្រស់សង្ហាររបស់លោកតែប៉ុណ្ណោះ មិនសូវចាប់អារម្មណ៍អ្វីផ្សេង។


គួររំលឹកថា នូ ឧសភា ជាសិល្បករម្នាក់ក៏មានទេពកោសល្យ ដោយលោកមានទាំងសមត្ថភាពច្រៀង ដើរម៉ូដ និងសម្តែងបានយ៉ាងល្អ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឧសភា ហាក់ផ្តោតខ្លាំងលើការសម្តែងភាពយន្តខ្មែរ ធ្វើឱ្យប្រជាប្រិយភាពផ្នែកចម្រៀងលោកមានការធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ តែយ៉ាងណាលោកនៅតែត្រូវគេស្គាល់ច្បាស់តាមរយៈបទ ព្រងើយ។
ក្រោយព្រលែងដៃពីវិស័យចម្រៀងមួយរយៈ ពេលនេះលោកចាប់ផ្តើមងាកមកពង្រឹកការច្រៀងវិញហើយ ដោយចាប់ផ្តើមទម្លាក់បទថ្មីជាបន្តបន្ទាប់លើឆានែលយូធូបផ្លូវការរបស់លោក។ កំលោះសង្ហាសាច់ដុំកង់ៗនេះថា ទោះលោកត្រឡប់មកផលិតចម្រៀងវិញយឺត តែលោកមិនដែលគិតបោះបង់ការផលិតចម្រៀងទេ ព្រោះវាជាអ្វីដែលលោកស្រលាញ់ ហើយចង់ធ្វើចេញពីចិត្ត។ ដូច្នេះលោកសង្ឃឹមថា ពុកម៉ែបងប្អូននឹងនៅតែគាំទ្រស្នាដៃបទចម្រៀងថ្មីៗដែលលោកទើបទម្លាក់ Official Teaser ចំណង «ខ្លាចហើយស្នេហា»៕

























Account
Security
Favourite Content