នីន ផាន់នី ជាឈ្មោះពិតរបស់តារារ៉េបវ័យក្មេង NPN និងជាអតីតកម្មករឆ្លងដែនធ្វើការនៅប្រទេសថៃ ហើយលោកគឺជាកូនប្រុសច្បងក្នុងគ្រួសារ។ ។ ក្រៅពី nickname NPN លោកក៏មានឈ្មោះក្រៅជាច្រើនទៀតដែរដូចជា K&Y Rap, NPN Rapper KH ជាដើម។
បុរសសម្បុរខ្មៅស្រអែមរូបនេះ ជាអ្នកនៅខេត្តកំពង់ធំប្រកបមុខរបរដំបូងជាជាងភ្លើង ៥ ឆ្នាំ ទម្រាំមានឱកាសក្លាយជាតារាចម្រៀង។ លោកជាមនុស្សដែលដាក់ចិត្តកាយខ្លាំងក្នុងការងារនីមួយៗ តែហេតុផលសំខាន់មួយទៀត ដែលធ្វើឲ្យ NPN ប្ដេជ្ញាចិត្តថា នឹងធ្វើជាតារារ៉េបឲ្យបានគឺមកពីចង់ឈ្នះឪពុកខ្លួន។ នេះបើតាមការឲ្យដឹងពី NPN ក្នុងបទសម្ភាសន៍កម្មវិធី Spotlight។

NPN បានតស៊ូបង្ហាញសមត្ថភាព ក៏ដូចជាស្នាដៃរ៉េបតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដែលកាលនោះព្រោះខូចចិត្តរឿងស្នេហា ហើយចង់បង្ហាញចិត្តនឹកទៅដល់អតីតសង្សារ តែមិនដឹងធ្វើយ៉ាងណា ព្រោះខាងស្រីបាន block គណនីហ្វេសប៊ុកខ្លួនទៅហើយ។ ដូចនេះក៏ទៅរកមើលភ្លេង សរសេរចម្រៀង ដើម្បីផុសលើ social media ឲ្យគេបានឮ តែគេបានមើល ឬអត់ក៏មិនដឹងផង។ ព្រោះតែបែបនោះហើយ ទើប NPN ចង់អរគុណដល់ Ex ធ្វើឲ្យលោកហ៊ានបង្ហាញ និងធ្វើអ្វីដែលខ្លួនចង់ រហូតបានមកឈរជើងដូចសព្វថ្ងៃនេះ។
មកដល់ឆ្នាំ ២០១៨-២០១៩ នី ផាន់នី បានត្រឡប់មកខ្មែរ ដើម្បីរៀនភ្លេង ហើយក៏បានទៅថៃវិញ។ ទាល់តែថ្មីៗនេះដែរ អំឡុងឆ្នាំ ២០២១ ឬ ២០២២,២៣ ទើបត្រឡប់មកមាតុប្រទេសវិញ និងបានប្រឡូកជាតារាចម្រៀងពេញទី។ ប៉ុន្មានឆ្នាំមកនេះ NPN និពន្ធបានបទចម្រៀងប្រហែល ២០ បទហើយ តែក្នុង Chanel បច្ចុប្បន្នមាន ៨, ៩ បទប៉ុណ្ណោះ ក្រៅពីនោះនៅ CHANNEL ទាំងអស់។


ក្នុងបទសម្ភាសន៍ព្រមជាមួយសំណើចកក្អឹក NPN បានបញ្ជាក់នូវចំណុចដែលចង់ឈ្នះសម្ដីអ្នកមានគុណ ព្រោះពេលដឹងថាលោកចូលចិត្តវិស័យចម្រៀង ឪពុកខ្លួនបែរជានិយាយថា “មិនដឹងជាចង់ធ្វើអ្នកចម្រៀងស្អីទេ“។ ព្រោះតែឪពុកមិនជឿជាក់ខ្លួន ទើបសម្ដីមួយឃ្លានោះ ធ្វើឲ្យចិត្តចង់ឈ្នះ ហើយពុះពារគ្រប់យ៉ាងរហូតកសាងកេរ្តិ៍ឈ្មោះ។
NPN បានឆ្លៀតចាកឆ្ងាយពីគ្រួសារតាំងពីអាយុ ១៦-១៧ ឆ្នាំម្ល៉េះ ដោយទៅស្នាក់នៅជាមួយបងប្អូនបន្ត តែគ្រួសារទាំងអស់គ្នាគឺទៅធ្វើការនៅប្រទេសថៃ។ ដោយសារតែជីវភាពធ្វើឲ្យលោកចំណាកស្រុក និងខំរកលុយពីរបរជាងភ្លើងមកផ្គត់ផ្គង់គ្រួសារ ព្រមទាំងប្រាក់កាសខ្លះយកធ្វើជាដើមទុនផលិតជាបទចម្រៀង។


ធ្វើការបណ្ដើរស្ដាប់បទរ៉េបបរទេសបណ្ដើរ ធ្វើឲ្យ ផាន់នី មានគំនិតក្លាយជាតារារ៉េបម្នាក់ដ៏ល្បីដែរ ក្នុងប្រទេសកម្ពុជា។ ក្រោយដាក់គោលដៅក្លាយជាតារារ៉េបហើយនោះ NPN បានចាប់ផ្ដើមបែងចែកពេលវេលា ដើម្បីសម្រេចបំណង ដោយធ្វើការពេលថ្ងៃ យប់ឡើងខំធ្វើភ្លេង និងតែងប៉ារូលចម្រៀង។ ក្នុងមួយយប់ ម្ចាស់បទ «Channavinlyna» ធ្វើការងារទាក់ទងនឹងចម្រៀងតែ ១ ឬ ២ ម៉ោងប៉ុណ្ណោះ ដើម្បីសន្សំកម្លាំង ទុកធ្វើការឲ្យគេនៅពេលស្អែកបន្ទាប់។
NPN បានទម្លាក់បទចម្រៀងដំបូងជាមួយ ទេព ពិសិដ្ឋ បទ «20’OUTNOW » ដែលទទួលបានការគាំទ្រខ្លាំងសន្ធឹកសន្ធាប់ ហើយបទល្បីបំផុតគឺ «ឆក់ព្រលឹង» ច្រៀងជាមួយ Khmer 1 Jivit បន្តមក គឺបទ «កូនកាត់បីសាសន៍» ក្រោយមកទៀត ក៏មានបទ «Channavinlyna» ជាដើម។ និយាយពីយុទ្ធសាស្ត្រចេញបទថ្មី ជាទូទៅ NPN តែងតែចេញបទចម្រៀង ៣ ខែម្ដង ដើម្បីទុកគម្លាតគ្នា ដើម្បីឲ្យអ្នកគាំទ្រមានពេលបានស្ដាប់បទនីមួយឲ្យអស់ចេញ។
បើនិយាយពីបទចម្រៀង «Channavinlyna» NPN បានបញ្ជាក់ថាជាឈ្មោះ friend ក្នុងហ្វេសប៊ុក ដែលជាស្រីស្អាត ឈ្មោះក៏ពីរោះ និងធ្លាប់បានឆាតទៅគេ តែត្រូវគេបានបដិសេធ ព្រោះខាងស្រីមានសង្សាររួចទៅហើយ។ តែលោកក៏បានសុំសិទ្ធិម្ចាស់ឈ្មោះ មកធ្វើជាបទចម្រៀង និងទទួលបានការយល់ព្រម ហើយលោកក៏ចាប់ផ្ដើមតែងចម្រៀង ដោយឈ្មោះគេ៕

រូបភាព៖ NPN




















































Account
Security
Favourite Content