វិវាទផ្លូវច្បាប់ដែលកំពុងបន្តរវាងក្រុមចម្រៀងនារី NJZ (NewJeans) និងទីភ្នាក់ងាររបស់ពួកគេ ADOR បានឈានដល់មួយដំណាក់កាលទៀត បន្ទាប់ពីភាគីទាំងពីរបានបង្ហាញខ្លួននៅតុលាការកណ្តាលទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៤ ខែកក្កដា សម្រាប់សវនាការលើកទី ៣ទាក់ទងនឹងសុពលភាពនៃកិច្ចសន្យាផ្តាច់មុខរបស់ពួកគេ។

ក្នុងកំលុងសវនាការ តុលាការបានបញ្ជាក់ពីកាលបរិច្ឆេទនៃការសម្រុះសម្រួលសម្រាប់ថ្ងៃទី ១៤ ខែសីហា ដែលនឹងត្រូវធ្វើឡើងជាសម្ងាត់។ លទ្ធផលអាចជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងសមរភូមិរវាងក្រុមចម្រៀងនារីដ៏ពេញនិយមមួយនេះ និងភ្នាក់ងាររបស់ពួកគេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺសេចក្តីថ្លែងការណ៍ថ្មីៗនេះពីក្រុមមេធាវីរបស់ NJZ បានបញ្ជាក់ជំហរថា សមាជិកក្រុមមិនបានជំទាស់ទាំងស្រុងចំពោះការវិលត្រឡប់ទៅកាន់ ADOR នោះទេ។ ទោះយ៉ាងណា ពួកគេបានសង្កត់ធ្ងន់លើលក្ខខណ្ឌរឹងមាំមួយ។
មេធាវីរបស់ NJZ និយាយថា៖ “មិនមែនថា [សមាជិក] បដិសេធទាំងស្រុងក្នុងការត្រឡប់ទៅ ADOR នោះទេ។ ប្រសិនបើ ADOR បច្ចុប្បន្នអាចវិលត្រលប់ទៅដូចជា ADOR កាលពីមុនការធ្វើសវនកម្មក្នុងខែមេសា ឆ្នាំ ២០២៤ នោះ [ពួកគេ] នឹងសុខចិត្តត្រឡប់ទៅវិញ។ ប៉ុន្តែប្រសិនបើវាមិនអាចទៅរួច យើងសង្ឃឹមថាពួកគេនឹងដោះលែង [សមាជិក] ដោយការបញ្ចប់កិច្ចសន្យា”។
មេធាវីរបស់ NewJeans បានអះអាងបន្ថែមទៀតថាជម្លោះផ្លូវច្បាប់កើតចេញពីការធ្វើសវនកម្មរបស់ HYBE លើផលិតករ Min Hee Jin កាលពីដើមឆ្នាំមុន។ ពួកគេអះអាងថា ទោះបីជាបញ្ហាចម្បងគឺការចោទប្រកាន់ពីការបំពានកាតព្វកិច្ចក៏ដោយ ក៏ប៉ុន្តែ NJZ ឬ NewJeans នៅតែជាអ្នករងទុក្ខច្រើនបំផុត។

គួររំឭកថា ការតស៊ូតាមផ្លូវច្បាប់នេះបានចាប់ផ្តើមដោយសារតែ HYBE បានចាប់ផ្តើមសវនកម្មប្រឆាំងនឹង Min Hee Jin នៅក្នុងខែមេសា ឆ្នាំ ២០២៤។ ពួកគេបានអះអាងថា ផលិតករស្រីរូបនេះកំពុងព្យាយាមដណ្តើមយកសិទ្ធិគ្រប់គ្រងក្រុមហ៊ុន និងលួចយក NewJeans ប៉ុន្តែមិនមានភស្តុតាងនៅក្នុងសវនកម្ម ឬហេតុផលសម្រាប់ការបណ្តេញចេញនោះទេ។ ភាគីនីមួយៗបានចោទប្រកាន់គ្នាថាបានរំលោភលើកាតព្វកិច្ច ហើយនៅចន្លោះហេតុការណ៍ទាំងអស់ NewJeans បានរងផលប៉ះពាល់ច្រើនបំផុត។ យ៉ាងណាក៏ដោយ ក្រោយមកប៉ូលិសមិនបានរកឃើញភស្តុតាងថា Min Hee Jin ប្រព្រឹត្តល្មើសកាតព្វកិច្ចទេ។ មេធាវី NewJeans អះអាងថា ការប៉ុនប៉ងធ្វើសវនកម្ម និងការបណ្តេញចេញគឺផ្អែកលើហេតុផលមិនពិត ហើយមានបំណងដក Min Hee Jin ចេញ។
ភាគីរបស់ NJZ ក៏បានអះអាងយ៉ាងមុតមាំថា ពួកគេមិនអាចជឿទុកចិត្តលើ ADOR ទៀតទេ ព្រោះឥឡូវនេះវាត្រូវបាន “គ្រប់គ្រងដោយបុគ្គលិក HYBE”។
“ADOR ថ្ងៃនេះមិនមែនជា ADOR ដែលនាំយើងទៅរកភាពជោគជ័យកាលពីអតីតកាលនោះទេ។ ឥឡូវនេះវាត្រូវបានគ្រប់គ្រងដោយបុគ្គលិក HYBE ។ អ្វីដែលហៅថាការគាំទ្រ និងការចែកំលែកផលប្រយោជន៍ដ៏យុត្តិធម៌បានកើតឡើងនៅពេលដែល Min Hee Jin ជានាយកប្រតិបត្តិ។ យើងមិនអាចទុកចិត្ត ADOR ទៀតទេ ដែលនេះជាមូលហេតុដែលយើងមិនអាចត្រឡប់ទៅវិញក្នុងស្ថានភាពបច្ចុប្បន្នបាន”។ មេធាវីរបស់ NJZ បន្ថែម ៕

























Account
Security
Favourite Content