Nicholas Tse ជាតារាសម្ដែងប្រុសល្បីម្នាក់ និងប៉ិនប្រសប់ខាងក្បាច់គុនវាយគ្នាផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៧ មកលោកបានផ្អាកការងារពីសិល្បៈដោយផ្ដោតលើការធ្វើចុងភៅ និងការធ្វើជំនួញ។ រហូតដល់ឆ្នាំ ២០២១ លោកក៏បង្ហាញខ្លួនសាជាថ្មីម្ដងទៀតក្នុងភាពយន្ដកុនរបស់លោក កុំកុំ គឺ “Raging Fire” ប៉ុន្ដែការបង្ហាញខ្លួនរបស់លោកក្នុងរឿងនេះ មិនទាន់ធ្វើឱ្យមហាជន និងអ្នកគាំទ្រស្ងប់ចិត្តឡើយ ព្រោះមនុស្សជាច្រើននៅតែចង់ឃើញលោកត្រឡប់មកផ្ដោតសម្ដែងរឿងវិញ។

យោងតាមប្រភពព័ត៌មាន HK01 បានឱ្យដឹងថា ក្នុងឆ្នាំថ្មី ២០២៣ នេះ តារាប្រុសវ័យ ៤៣ ឆ្នាំរូបនេះ ត្រូវបានគេអញ្ជើញទៅសម្ដែងរឿងថ្មីដល់ទៅ ៤ ឯណោះ។ ក្នុងនោះមានដូចជារឿង Customs Front, Police Story 2, Fury Of Fire និង Infinite Missions ដោយរឿង Customs Front លោកបានបញ្ចប់ការថតរួចរាល់ហើយ។
មែនទែនទៅ ការត្រលប់មកវិញរបស់លោកធ្វើឱ្យមហាជន និងអ្នកគាំទ្រវិស័យរឿងហុងកុង ហាក់មានភាពសប្បាយរីករាយខ្លាំង ដោយសារមួយរយៈចុងក្រោយគុណភាពរបស់ភាពយន្ដកុនរបស់ហុងកុងមានការធ្លាក់ចុះគុណភាពយ៉ាងខ្លាំង។
ជាមួយគ្នាដែរ តារាសម្ដែងប្រុសល្បីលំដាប់ពិភពលោក លោក ឈិន ឡុង បាននិយាយក្នុងកម្មវិធីទទួលពានរង្វាន់ HongKong Cinema ថា តារាប្រុស Nicholas Tse ជាតារាសម្ដែងម្នាក់ដែលមានទេពកោសល្យខ្លាំង រីឯក្បាច់គុនរបស់លោកក៏គួរឱ្យកោតសរសើរ។ នៅពេលដែលឃើញ Nicholas Tse លោកមានអារម្មណ៍ថាដូចឃើញខ្លួនពីមុន។ Nicholas Tse នៅពេលនេះដូចជាលោកកាលពីអតីតកាល ដូច្នេះលោកសង្ឃឹមថា អនាគតរបស់ Nicholas Tse នឹងជាបច្ចុប្បន្នរបស់លោក។
គួរបញ្ជាក់ តារាប្រុស Nicholas Tse បានចាប់ផ្ដើមប្រឡូកក្នុងវិថីសិល្បៈនៅក្នុងឆ្នាំ ១៩៩៦ មកទល់បច្ចុប្បន្នលោកបង្ហាញមុខក្នុងភាពយន្ដកុន និងរឿងភាគមិនតិចជាង ៥០ រឿងឡើយ។ ស្នាដៃរឿងភាគល្បីៗ របស់លោកមានដូចជា The Proud Twins, Wing Chun, Big Shot, The Spirit Of Sword ជាដើម។ ទ្រព្យសម្បត្ដិរបស់លោកត្រូវបានគេប៉ាន់ប្រមាណថាមាន ៥០ លានដុល្លារអាមេរិក៕
























Account
Security
Favourite Content