ក្រុមចម្រៀងខេប៉ុបពី HYBE ចំនួន ២ក្រុម គឺ NewJeans និង KATSEYE បានជាប់ឈ្មោះក្នុងចំណោមសិល្បករបរទេសដទៃទៀត នៅលើតារាងរាយឈ្មោះ តារាវ័យក្រោម ២១ឆ្នាំដែលមានឥទ្ធិពលបំផុតពី Billboard។

សម្រាប់តារាងប្រចាំឆ្នាំ ២០២៥ ដែលទើបតែបានចេញផ្សាយនៅពាក់កណ្ដាលខែឧសភានេះ បានចេញលទ្ធផលដោយផ្អែកទៅលើការវាយតម្លៃ តាមលក្ខណៈវិនិច្ឆ័យជាច្រើនចំណុច រួមមាន ចំនួននៃការលក់អាល់ប៊ុម ចំនួននៃការស្ដាប់នៅលើអ៊ីនធឺណិត និងឥទ្ធិពលជារួមដែលសិល្បករមានចំពោះឧស្សាហកម្មតន្ត្រីជាដើម។
ជាក់ស្ដែង នេះគឺជាឆ្នាំទី ២ជាប់គ្នារបស់ក្រុមចម្រៀងនារី NewJeans ដែលមានឈ្មោះនៅលើតារាង 21 Under 21។ ថ្វីបើបច្ចុប្បន្ននេះ សមាជិកទាំង ៥នាក់កំពុងតែមានជម្លោះជាមួយនឹងផលិតកម្ម HYBE ទាក់ទងនឹងបញ្ហាកុងត្រាផ្ដាច់មុខ និងត្រូវផ្អាកសកម្មភាពទាំងស្រុងក្ដី ក៏ប៉ុន្តែ Billboard បានសង្កត់ធ្ងន់ថា ការគាំទ្រទទួលដែលក្រុមទទួលបានកាលពីឆ្នាំកន្លងទៅ នៅតែមានសន្ទុះខ្លាំងដោយមិនអាចប្រកែកបាន។
តួយ៉ាង ស្នាដៃទី ២របស់ក្រុមដែលមានឈ្មោះថា Get UP ទទួលបានប្រជាប្រិយខ្លាំង និងអាចឈានជើងជាប់លំដាប់លេខ ៣នៅលើតារាង អាល់ប៊ុមលំដាប់សកលសម្រាប់ចុងឆ្នាំ ២០២៤ របស់ Billboard។ បន្ថែមពីនេះទៀត ចម្រៀងល្បីប្រចាំឆ្នាំ ២០២៤ មិនថាបទ How Sweet និង Supernatural ក៏មានការគាំទ្រក្រាស់ក្រែលដែរ ជាមួយនឹងការលក់ចេញរហូតដល់ទៅ ១លានច្បាប់។

ក្រឡេកមកកាន់ក្រុមចម្រៀងនារីចម្រុះជាតិសាសន៍ KATSEYE វិញ ក៏ទទួលបានតំណែងតែមួយ នៅក្នុងឆ្នាំនេះដែរ។ ទន្ទឹមគ្នានឹងបទ Touch ដែលជាស្នាដៃលេចធ្លោបំផុត ក្រុមចម្រៀងខេប៉ុបដែលមានមូលដ្ឋាននៅលើទឹកដីសហរដ្ឋអាមេរិកនេះក៏ត្រៀមនឹងចេញផ្សាយអាល់ប៊ុមខ្នាតតូច Beautiful Chaos នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះដូចគ្នា។
គួរឱ្យដឹងផងដែរថា ក្រៅពីក្រុមទាំង ២ខាងលើនេះ នៅមានសិល្បករតន្រ្តីចំនួន ១៩រូបទៀតដែលទទួលបានងារតែមួយពី Billboard ដូចជាសិល្បករទោល D4vd, Lay Bankz និង Jessie Murph ជាដើម៕


























Account
Security
Favourite Content