ក្រុមចម្រៀងខេប៉ុបនារី NewJeans បានត្រៀមបន្ថែមមេធាវី ១៣នាក់ទៀត ចំពោះសវនាការលើកទី ២ នៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ ដើម្បីតតាំងជាមួយនឹង ADOR លើបញ្ហាកិច្ចសន្យាផ្ដាច់មុខរវាងភាគីទាំង ២។

យោងតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី២១ ខែឧសភានេះ NewJeans បានដាក់ទម្រង់បែបបទតែងតាំងមេធាវីបន្ថែមទៅកាន់តុលាការទីក្រុងសេអ៊ូលភាគខាងកើត កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅ។
ជាក់ស្ដែង ក្រុមមេធាវីទាំង ១៣នាក់នេះ គឺជាតំណាងមកពីក្រុមហ៊ុនច្បាប់ល្បីឈ្មោះរបស់កូរ៉េខាងត្បូង គឺ Shin & Kim ស្របពេលដែលមានការលើកឡើងថា មេធាវីមួយចំនួនក៏ធ្លាប់ចូលរួមក្នុងសំណុំរឿងក្ដីរបស់ Min Hee Jin ដែលជាអតីតនាយកប្រតិបត្តិរបស់ ADOR ផងដែរ។ ទន្ទឹមគ្នានេះ ភាគីខាង ADOR វិញ បានជ្រើសរើសមេធាវី ១២នាក់ ពីក្រុមហ៊ុនច្បាប់ដ៏ធំបំផុតមួយរបស់កូរ៉េខាងត្បូងគឺ Kim & Chang ។

សកម្មភាពពីភាគីទាំងសងខាងនេះ ត្រូវបានកាសែតក្នុងស្រុកយល់ឃើញថា វាជាការបង្ហាញពីភាពតានតឹងនៃបញ្ហាចម្រូងចម្រាស ទន្ទឹមគ្នានឹងការបង្ហាញពីជំហររឹងមាំរៀងខ្លួន នៅក្នុងដំណោះស្រាយតាមផ្លូវច្បាប់។
សូមរំឭកផងដែរថា បញ្ហាខាងលើនេះបានចាប់ផ្ដើមតាំងតែពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤មកម៉្លេះ ដោយសមាជិកទាំង ៥នាក់ គឺ Minji, Hanni, Danielle, Haerin និង Hyein បានប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុខដោយឯកតោភាគី ជាមួយនឹងហេតុផលថា ក្រុមហ៊ុនមិនអាចបំពេញតាមសំណើរបស់ខ្លួនទៅតាមពេលកំណត់។

យ៉ាងណាមិញ នៅក្នុងខែមីនា កន្លងទៅ តុលាការកណ្ដាលទីក្រុងសេអ៊ូលបានប្រកាសឱ្យ NewJeans ផ្អាកសកម្មភាពការងារឯករាជ្យរបស់ខ្លួនជាបណ្ដោះអាសន្ន ស្របតាមការស្នើសុំរបស់ ADOR រហូតដល់មានការសម្រេចជាថ្មី៕























Account
Security
Favourite Content