របាយការណ៍ដែលទើបចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថាក្នុងត្រីមាសដំបូងឆ្នាំ2025 ក្រុមហ៊ុន The One Enterprise Public Company Limited (ONEE) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនកម្សាន្តថៃជាច្រើនរួមទាំងទូរទស្សន៍ ONE31 និង GMMTV អាចរកប្រាក់ចំណូលសរុបបាន 1464 លានបាត (ស្មើនឹងប្រមាណ 44.7 លានដុល្លារ) ដែលកើនឡើង 4.8 % ធៀបនឹងត្រីមាសដំបូងឆ្នាំមុន។

ក្នុងនោះប្រាក់ចំណូលធំជាងគេគឺបានពីអាជីវកម្មមាតិកា (Content Marketing) មានចំនួន 780 លានបាត (ស្មើនឹងប្រមាណ 23.8 លានដុល្លារ) ដែលថយចុះ 13.22 % ធៀបនឹងឆ្នាំមុន ខណៈប្រាក់ចំណូលសំខាន់មួយផ្នែកទៀតគឺបានពីអាជីវកម្មពាក់ព័ន្ធសិល្បករ (Idol Marketing) មានចំនួន 657 លានបាត (ស្មើនឹងប្រមាណ 20 លានដុល្លារ) ដែលកើនឡើង 48.36% ធៀបនឹងឆ្នាំមុន។
បើទោះជាអាចរកចំណូលបានច្រើនដល់ថ្នាក់នេះ ប៉ុន្តែប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ONEE លោក Narun Poomsiri បានបង្ហាញថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2025 ក្រុមហ៊ុននេះមានការខាតបង់សុទ្ធចំនួន 22.42 លានបាត (ប្រមាណ 68 ម៉ឺនដុល្លារ) ដោយសារតែការថយចុះនៃប្រាក់ចំណេញសរុប។ មូលហេតុធំៗនៃការថយចុះប្រាក់ចំណេញនេះបណ្តាលមកពី៖
- ប្រាក់ចំណូលពីអាជីវកម្មមាតិកាមានការធ្លាក់ចុះ។
- ការរងផលប៉ះពាល់ដោយស្ថានភាពសេដ្ឋកិច្ច និងការកាត់បន្ថយកញ្ចប់ថវិកាផ្សាយពាណិជ្ជកម្ម (TV Ads)។
- មានមាតិកាចាក់ផ្សាយតិចជាងមុន។
ទោះបីជាប្រាក់ចំណូលពីអាជីវកម្ម Idol មានការកើនឡើងគួរឱ្យកត់សម្គាល់ និងជួយឱ្យប្រាក់ចំណូលសរុបបន្តកើនឡើង ប៉ុន្តែដោយសារអត្រាប្រាក់ចំណេញនៃអាជីវកម្ម Idol នេះមានកម្រិតទាប ដូច្នេះហើយគឺមិនអាចប៉ះប៉ូវផលប៉ះពាល់ខាងលើទាំងអស់នោះទេ។

ចំពោះចំណូលពីអាជីវកម្ម Idol ចំនួន 20 លានដុល្លារនេះដែរត្រូវបានបែងចែកជា 3 ប្រភពសំខាន់ៗបន្តទៀតរួមមាន៖
1. ចំណូលពីការគ្រប់គ្រងសិល្បករ (Artist Management) បានចំនួន 10 លានដុល្លារ។ ធៀបនឹងឆ្នាំមុន ចំណូលផ្នែកនេះបានកើនឡើងខ្លាំងគឺរហូតដល់ 45.19% ស្របពេលម៉ាកយីហោទាំងក្នុងស្រុកនិងក្រៅស្រុកងាកមកជ្រើសរើសសិល្បករធ្វើជា Presenter និង Brand Ambassador កាន់តែច្រើន។
2. ចំណូលពីការប្រគំតន្ត្រី & ព្រឹត្តិការណ៍ បានចំនួន 4.6 លានដុល្លារ ដែលកើនឡើង 19.47% ធៀបនឹងឆ្នាំមុន។ ក្នុងត្រីមាសដំបូងនេះ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ចំនួន 66 លើក ក្នុងនោះមានព្រឹត្តិការណ៍ក្នុងប្រទេសចំនួន 12 លើក និងព្រឹត្តិការណ៍ក្រៅប្រទេសចំនួន 54 លើក។ ព្រឹត្តិការណ៍ក្នុងប្រទេសដែលទទួលបានការគាំទ្រខ្លាំងលេចធ្លោមានជាអាទិ៍ដូចជាកម្មវិធី SKY-NANI FRIENOMENON FANCON, កម្មវិធី PEBACA WHAT A CONCERT, កម្មវិធី PERFECT 10 LINERS MID TERM និងកម្មវិធី NAMTAN FILM PRINCESS’S TALE FAN MEETING។
3. ចំណូលការលក់ទំនិញ (Merchandise) បានចំនួន 4.7 លានបាត ដែលមានការកើនឡើងខ្លាំងជាងគេគឺរហូតដល់ 107.22% ធៀបនឹងឆ្នាំមុន។ ទំនិញវត្ថុអនុស្សាវរីយ៍ពាក់ព័ន្ធសិល្បករដែលលក់ដាច់ខ្លាំងមានដូចជាសម្លៀកបំពាក់ តុក្កតា សៀវភៅរូបថត និងទំនិញ Limited Edition ផ្សេងៗ។
ផ្អែកតាមរបាយការណ៍ដដែលនេះ ក្នុងចំណោមសិល្បករជាង 300 នាក់ដែលជាប់កិច្ចសន្យាជាមួយក្រុមហ៊ុន សិល្បករដែលទទួលបានការគាំទ្រខ្លាំងនិងអាចរកប្រាក់ចំណូលឱ្យក្រុមហ៊ុនច្រើនជាងគេសម្រាប់ត្រីមាសដំបូងនេះរួមមាន “Sky-Nani”, “Win Metawin”, “Gemini -Fourth”, “Daou-Offroad”, “Bright Norapat”, “Jimmy-Sea”, “Off-Gun” និង “Lookmhee-Sonya” ៕
































































Account
Security
Favourite Content