យោងតាមរបាយការណ៍ថ្មីៗបានឲ្យដឹងថា “សហជីពតារា” ដែលមានគោលបំណងការពារសិទ្ធិរបស់តារា និងសិល្បករវប្បធម៌ប៉ុបអាចនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៥នេះ។ បន្ទាប់ពីត្រូវបានបង្កើតឡើង សហជីពនេះមានគម្រោងផ្តោតលើការកែលម្អលក្ខខណ្ឌការងារ ការបង្កើនប្រព័ន្ធការពារផ្លូវចិត្ត និងសិទ្ធិមនុស្ស រួមទាំងការដោះស្រាយបញ្ហាការងាររ៉ាំរ៉ៃនានានៅក្នុងឧស្សាហកម្មកម្សាន្ត។

គណៈកម្មាធិការរៀបចំសហជីពបានឱ្យដឹងថា សិល្បករក្រុមនេះបានដាក់របាយការណ៍ស្នើបង្កើតសហជីពរបស់ខ្លួនទៅកាន់ក្រសួងការងារសាខា Seongnam ក្នុងខែកញ្ញា និងបានផ្តល់ឯកសារបន្ថែមក្នុងខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងករណីសម្រាប់ការទទួលស្គាល់តារាខេប៉ុបថាជា “និយោជិត” ក្រោមច្បាប់ការងារកូរ៉េ។ គណៈកម្មាធិការរំពឹងថានឹងទទួលបានការយល់ព្រមជាផ្លូវការសម្រាប់ការបង្កើតសហជីពក្នុងខែនេះ។
លោក Seo Min Seon សមាជិកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយយុវជនរបស់គណបក្សប្រជាធិបតេយ្យ ដែលកំពុងរៀបចំការងារនេះផ្ទាល់ បាននិយាយថា តារាចម្រៀងសកម្មប្រហែលដប់នាក់បានចូលរួមជាសមាជិកស្ថាបនិករួចហើយ។ គណៈកម្មាធិការក៏បានផ្ញើឯកសារមួយទៅកាន់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ (MCST) ដែលមានចំណងជើងថា “សំណើសុំការស៊ើបអង្កេត និងការកែលម្អស្ថាប័នទាក់ទងនឹងការគ្រប់គ្រងសុខភាពផ្លូវចិត្ត និងការឆ្លើយតបចំពោះការបញ្ចេញមតិអាក្រក់លើតារាល្បីៗ និងសិល្បករវប្បធម៌ប៉ុប”។
នៅក្នុងសំណើនេះ គណៈកម្មាធិការបានស្នើសុំឱ្យក្រសួងស៊ើបអង្កេតថាតើភ្នាក់ងារកម្សាន្តនានាបានគាំទ្រសិល្បករបានត្រឹមត្រូវដែរទេក្នុងករណីមានការបញ្ចេញមតិស្អប់ខ្ពើម និងការយាយីតាមអ៊ីនធឺណិត ដែលរួមមានសកម្មភាពផ្លូវច្បាប់ សំណើសុំលុបខ្លឹមសារ និងបណ្តឹងបរិហារកេរ្តិ៍ រួមទាំងត្រួតពិនិត្យផងដែរថាការឆ្លើយតបត្រូវបានធ្វើឡើងផ្អែកតាមទស្សនៈរបស់សិល្បករដែរឬទេ។ ពួកគេបានជំរុញបន្ថែមទៀតឱ្យរដ្ឋាភិបាលធានាថាទីភ្នាក់ងារនានាបង្កើនការត្រួតពិនិត្យ និងការទទួលខុសត្រូវ។
បន្ថែមពីនេះ ពួកគេក៏បានបញ្ជាក់ពីហានិភ័យសុខភាពការងារដែលតារាខេប៉ុបត្រូវប្រឈមមុខតាមរយៈកាលវិភាគដ៏ចង្អៀត ការហាត់សម ការថត និងសកម្មភាពនៅក្រៅប្រទេស ដោយលើកឡើងពីករណីនៃជំងឺសាច់ដុំ និងឆ្អឹង ការអស់កម្លាំង និងជំងឺផ្លូវចិត្ត។ សេចក្តីថ្លែងការណ៍នេះក៏បានរិះគន់ភ្នាក់ងារមួយចំនួនចំពោះការគ្រប់គ្រងហួសហេតុលើជីវិតផ្ទាល់ខ្លួន រួមទាំងការរឹតបន្តឹងលើការណាត់ជួប កំណត់ត្រាវេជ្ជសាស្ត្រ និងទំនាក់ទំនងសង្គម ដែលបង្កើតភាពឯកោផ្លូវចិត្តក្នុងចំណោមសិល្បករ។
គណៈកម្មាធិការបានចង្អុលបង្ហាញបន្ថែមទៀតថា កិច្ចសន្យាផ្តាច់មុខក្រោមស្តង់ដារក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បច្ចុប្បន្ន សិល្បករត្រូវបានចាត់ថ្នាក់ជា “អ្នកផ្តល់សេវាកម្ម” ដែលរារាំងពួកគេពីការទទួលបានការការពារក្រោមច្បាប់ធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារ និងច្បាប់ផ្តន្ទាទោសចំពោះគ្រោះថ្នាក់ធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ គណៈកម្មាធិការបានអះអាងថា តារាល្បីៗមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជានិយោជិតក្រោមច្បាប់ការងារ។

ករណីនេះធ្លាប់បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសមកហើយ ដោយសារសំណុំរឿងក្តីនៅតុលាការរវាងក្រុម NJZ ឬ NewJeans ជាមួយ HYBE។ នៅក្នុងសំណុំរឿង Hanni បានផ្តល់សក្ខីកម្មអំពីការយាយីនៅកន្លែងធ្វើការដែលនាងបានប្រឈមមុខនៅ HYBE។ ប៉ុន្តែនៅថ្ងៃទី ២០ ខែវិច្ឆិកា ក្រសួងការងារបានច្រានចោលសំណុំរឿងនេះ ដោយសម្រេចថា Hanni មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា “និយោជិត” ក្រោមច្បាប់ការងារបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងត្បូងទេ ហើយដូច្នេះ បទពិសោធន៍របស់នាងមិនអាចចាត់ទុកថាជា “ការធ្វើបាបនៅកន្លែងធ្វើការ” បានទេ។
ប្រសិនបើសំណើត្រូវបានអនុម័ត នេះនឹងជាសហជីពការងារផ្លូវការដំបូងសម្រាប់ក្រុមអាយដល និងសិល្បករខេប៉ុប ៕























Account
Security
Favourite Content