ទៅប្រទេសអូស្ត្រាលីលើកនេះ នេន ទុំ បាននាំយកបទចម្រៀងជាភាសាខ្មែរច្រើនបទដែលសុទ្ធសឹងជាបទដែលលោកបានតែងនិពន្ធដោយផ្ទាល់ច្រៀងជូនបងប្អូនខ្មែរ ដែលរស់នៅទីនោះស្ដាប់កម្សាន្តដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

តារាចម្រៀងរ៉េបដែលនៅតែរក្សាបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ នេន ទុំ ពេលនេះកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសអូស្ត្រាលីបើគិតចាប់ពីថ្ងៃដែលលោកចាកចេញពីមាតុភូមិកំណើតមកទល់ពេលនេះជិត២០ថ្ងៃហើយ។ ពិតណាស់ បេសកកម្មរបស់លោកបានចាប់ផ្ដើមតាំងពីថ្ងៃទី ១២ មេសា ២០២៥ នៅតាមទីតាំងជាច្រើនផ្សេងៗ គ្នាក្នុងប្រទេសអូស្ត្រាលីនឹងបន្តរហូតមកដល់ខែឧសភាទៅតាមកាលកំណត់ដែលមានដូចជាថ្ងៃទី១០ ឧសភា ២០២៥ នៅ Saigon Rex Restaurant និងថ្ងៃទី ៣០ ឧសភា ២០២៥ នៅ White Orchid។
ជាមួយគ្នានេះ នេន ទុំ និងក្រុមការងារ៣នាក់ទៀតដែលសុទ្ធសឹងជាតារាចម្រៀងពោរពេញដោយទេពកោសល្យក៏បាននាំយកចម្រៀងខ្មែរជាច្រើនបទមកច្រៀងជូនបងប្អូនខ្មែរដែលរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីបានស្ដាប់កម្សាន្ត និងរាំងលេងយ៉ាងសប្បាយរីករាយក៏ដូចជាដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលទើបតែបញ្ចប់កាលពីពេលកន្លងទៅថ្មីៗ នេះដែរ។
ដោយឡែក បងប្អូនខ្មែរដែលរស់នៅទីនោះមិនត្រឹមបានចូលរួមយ៉ាងច្រើនកុះករប៉ុណ្ណោះទេ ថែមបានបង្ហាញការគាំទ្រយ៉ាងក្រាស់ក្រែលជាមួយរូបលោក និងតារាចម្រៀង ៣ ដួងទៀតផងដែរ។ ទាំងនេះបង្ហាញបានជោគជ័យមួយរបស់តារាចម្រៀងរ៉េបជើងចាស់ដែលនៅតែមានឈ្មោះបោះសំឡេងព្រមទាំងទទួលបានការគាំទ្រមិនដាច់ពីសំណាក់អ្នកគាំទ្រមិនថាជាប្រជាជនក្នុងស្រុកឬក្រៅស្រុកនោះទេ។




គួរឱ្យដឹងដែរថា ក្រៅអំពីការបំពេញបេសកកម្មលើទឹកដីនៃប្រទេសអូស្ត្រាលី នេន ទុំ ក៏បានបង្ហាញសកម្មភាពជាច្រើនជាមួយបងប្អូនខ្មែរដែលរស់នៅទីនោះ ជាពិសេសលោកបានជួបជាមួយលោក Hun Sopheak ម្ចាស់ស្នាដៃគំនូរសិល្បៈខ្មែរនៅកណ្ដាលទីក្រុង Sydney ផងដែរ។ ជារួមការបង្ហាញវត្តមានរបស់ នេន ទុំ នៅអូស្ត្រាលីនាលើកនេះមិនត្រឹមជាការបង្ហាញខ្លួនលើឆាកច្រៀងជូនបងប្អូនស្ដាប់កម្សាន្តនោះទេលោកក៏បានចែករំលែកនិងបង្ហោះសកម្មភាពយ៉ាងច្រើនជាមួយបងប្អូនខ្មែរដែលរស់នៅទីនោះទៀតផង៕
វីដេអូទី១៖ https://www.facebook.com/reel/1338768880680717
វីដេអូទី២៖ https://www.facebook.com/reel/2065276683947084
ប្រភពរូបភាព៖ Nen Tum





















































Account
Security
Favourite Content