តារាកំប្លែង និងជាតារាសម្ដែងដែលមានជំនាញ ជួង ជី ហៅ នាយ កុយ ទើបទទួលបានការជ្រើសរើសឲ្យក្លាយជាតួឯកក្នុងរឿងកុននាពេលថ្មីៗនេះ។ ក្រោយទទួលបានតំណែងថ្មីនេះតារាជើងចាស់នោះ រំភើប និងប្ដេជ្ញាសម្ដែងឲ្យបានល្អបំផុត។

ជួង ជី ហៅនាយ កុយ ដែលថ្មីៗនេះគឺជាគណៈកម្មការកម្មវិធី Cambodia’s Got Talent Season 3 ត្រូវ បាន ជ្រើសរើសធ្វើជាតួឯកក្នុងភាពយន្តថ្មីមួយបន្ទាប់ពីលោកបានចំណាយពេល ៤០ ឆ្នាំក្នុងអាជីពជាសម្ដែង និងកំប្លែង ដែលតែងតែបង្កសំណើចដល់មហាជនខ្មែរជាច្រើន និងគ្រប់ស្រទាប់វណ្ណៈ។
តារាពហុជំនាញរូបនេះបានក្រាញននៀលក្នុងវិស័យសិល្បៈរាប់សិបទសវត្សរ៍មកហើយ តាមរយៈការសម្ដែងភាពយន្ត, កម្មវិធីកំប្លែង ចម្រៀងប្រពៃណី។ តាំងពីដើមឡើយភាពយន្តដែលតារាកំប្លែងរូបនេះ សម្ដែងភាគច្រើន ត្រូវបានអ្នកដឹកនាំរឿងឲ្យដើរតួជាតួបែបកំប្លុកកំប្លែង ដើម្បីបង្កើតសំណើចដល់ទស្សនិកជន និងញ៉ាំងសាច់រឿងមិនឲ្យមានភាពកម្សត់ពេក ហើយជាហេតុយើងកម្រឃើញរូបលោកសម្ដែងជាតួឯកណាស់។

ថ្មីៗនេះចាងហ្វាងផលិតកម្មដើមត្នោតលោក ឆាយ បូរ៉ា បាន ផ្ដល់ឱកាសដល់តារាកំប្លែងរូបនេះនូវសាច់រឿងបែបកំប្លែង បង្កប់ខ្លឹមសារអប់រំល្អផងដែរ។ បើយោងតាមការឲ្យដឹងពីផលិតកររូបនោះថា មុនសម្រេចសរសេរសាច់រឿងនេះឡើង ហើយក្នុងនោះមានតែ នាយ កុយ ម្នាក់គត់ ដែលមានសក្ដានុពលស័ក្ដិសមជាងគេបំផុត។
លោក ឆាយ បូរ៉ា បានបញ្ជាក់ថា បើទោះជា នាយ កុយ ស័ក្ដិសមជាងគេក៏ពិតមែន តែគិតពីការលំបាកក៏មានបន្តិចបន្តួចដូចគ្នាដែរ ព្រោះគាត់ជាតារាកំប្លែងលើឆាក ដល់ពេលមកកុនត្រូវអានប៉ារ៉ូលច្រើនណាស់។

ស្ថិតក្នុងវ័យ ៦៦ ឆ្នាំ បានក្លាយជាតួឯកក្នុងរឿង “អុំចនម៉ែដោះ” ជាភាពយន្តបែបកំប្លែង និងបង្កប់ការអប់រំពីជីវិតពិតក្នុងសង្គម ក៏ដូចជាការតស៊ូ ដើម្បីជីវភាពរស់នៅ។ សម្រាប់ “ អុំចនម៉ែដោះ” គឺជាភាពយន្តដែលលោក ឆាយ បូរ៉ា ខិតខំប្រឹងប្រែង សម្រិតសម្រាំងបំផុត និងជឿជាក់ថា ទស្សនិកជនពិតជាអាចទទួលបានទស្សនីយភាពថ្មី ប្លែកបន្ថែមលើភាពយន្តជាតិ និងអន្តរជាតិដែលបានចាក់បញ្ចាំងនាពេលកន្លងមក។
ក្រៅពី នាយកុយ ជាតួឯកក្នុងរឿងហើយនោះ ”អុំចនម៉ែដោះ” ក៏មានវត្តមានតារាប្រុសស្រីល្បីៗវ័យក្មេងជាច្រើនរូបទៀតចូលរួមសម្ដែង។ មិនតែប៉ុណ្ណោះក្រុមការងារ ក៏នឹងនាំអារម្មណ៍លោកអ្នកឲ្យទៅទស្សនារមណីយដ្ឋានស្រស់ស្អាតផ្សេងៗទៀត។
គួររំលឹកថា លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត ធ្លាប់បានបង្កើតស្នាដៃភាពយន្តជាច្រើន ក្នុងនោះភាពយន្តមួយចំនួនក៏ទទួលបានពានរង្វាន់អន្តរជាតិទៀតផង ដូចជារឿង “ឃ្លាតទៅសែនឆ្ងាយ” និងភាពយន្តជាច្រើនទៀត។ ងាកមករឿង ”អុំចនម៉ែដោះ” ទោះមិនទាន់កំណត់ពេលចាក់បញ្ចាំងជាក់លាក់យ៉ាងណាក៏ដោយ តែលោក ជឿជាក់ថា វណ្ណកម្មថ្មីនេះក៏អាចនឹងទទួលបានការគាំទ្រដូចរឿង ”លោកគ្រូប្រពន្ធល្អ” ដែលជាប់ក្នុងមហោស្រពភាពយន្តនៅប្រទេសចិនក្រោយបានចាក់បញ្ចាំងកាលពីចុងឆ្នាំ ២០២២ ជាក់ជាពុំខាន៕



























Account
Security
Favourite Content