ជាវប្បធម៌របស់ Dispatch នៅរៀងរាល់ថ្ងៃទី១ ខែមករា សារព័ត៌មានកូរ៉េខាងត្បូងមួយនេះតែងតែបង្ហាញនូវឈ្មោះតារាដែលជាគូស្នេហ៍នៅក្នុងជីវិតពិត មិនមែនតែនៅលើកញ្ចក់ទូរទស្សន៍នោះទេ។ នេះជាការទន្ទឹងរង់ចាំមួយរបស់អ្នកនិយមទស្សនាភាពយន្តកូរ៉េខាងត្បូង ដែលតែងតែចង់ដឹងថា តើគូតួឯកក្នុងដួងចិត្តរបស់ខ្លួនអាចវិវឌ្ឍន៍មនោសញ្ចេតនាក្នុងភាពយន្តមកក្នុងជីវិតក្រៅឆាកដែរឬទេ?
ឆ្លើយតបនឹងចម្ងល់តែមួយនេះ កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅ Koreaboo បានធ្វើការស្រង់មតិមួយ ដើម្បីប្រមូលចម្លើយពីសាធារណជន។ ជាក់ស្ដែង ចម្លើយបានបង្ហាញថាគូតួឯកទាំង ៤នេះ ជាគូដែលទស្សនិកជនចង់ឃើញពួកគេកាន់ដៃគ្នាក្នុងជីវិតពិតបំផុត៖
៤. Kim Yoo Jung និង Song Kang ពីរឿង My Demon

នៅក្នុងរឿងភាគរបស់ SBS ដែលបានចាក់ផ្សាយតាំងតែពីឆ្នាំ ២០២៣ My Demon មានដំណើររឿងកើតចេញពីតួអង្គ Do Do Hee ដែលសម្ដែងដោយ Kim Yoo Jung ជា CEO ស្រីវ័យក្មេង និងជាកូនចញ្ចឹមរបស់គ្រួសារអ្នកជំនាញមួយ។ ក្នុងជីវិតរបស់នាង Do Do Hee មិនដែលទុកចិត្តលើនរណាម្នាក់ និងមានជំនឿលើរឿងស្នេហាឡើយ។ ស្រាប់តែមានការណ៍ដែលតម្រូវឱ្យផ្លាស់ប្ដូរជោគវាសនាមួយ នាងក៏ត្រូវរៀបការជាមួយ Jung Gu Won សម្ដែងដោយ Song Kang ជាបិសាចជីវិតអមតៈ មានអាយុរស់នៅលើផែនដីនេះអស់ពេល ២០០ឆ្នាំមកហើយ។
តាមរយៈលទ្ធផលសម្រង់មតិរបស់ Koreaboo តួប្រុសវ័យ ៣០ឆ្នាំ និងតួស្រីវ័យ២៥ឆ្នាំរូបនេះ ជាគូស្នេហ៍ដែលទស្សនិកជនចង់ឃើញអ្នកទាំងពីរស្រឡាញ់គ្នាលំដាប់លេខ ៤ ជាមួយនឹងសំឡេងឆ្នោតចំនួន ៣៨៨ ឬស្មើនឹង ៣ភាគរយ។
៣. Chae Soo Bin និង Yoo Yeon Seok ពីរឿង When the Phone Rings

ភាពយន្តថ្មីដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅចុងឆ្នាំ ២០២៤នេះ និយាយពីជីវិតគូស្វាមីភរិយាដែលរស់នៅមិនចុះសម្រុងមួយគូក្រោមចំណងអាពាហ៍ពិពាហ៍ចាប់បង្ខំ។ ដោយឡែក ស្រាប់តែនៅថ្ងៃមួយនោះ Baek Sa-eon សម្ដែងដោយ Yoo Yeon Seok បានទទួលដំណឹងពីជនដៃដល់ថា ភរិយារបស់ខ្លួន Hong Hee Joo ដែលសម្ដែងដោយ Chae Soo-bin កំពុងតែទទួលបានការគំរាមគំហែងពីការចាប់ជំរិត។
តួឯកក្នុងរឿងភាគរបស់ MBC មួយគូនេះ ទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយនឹងសំឡេងបោះឆ្នោតគាំទ្រ ៤១៩ សំឡេង ឬប្រមាណ ៣ភាគរយ។
២. Kim Ji Won និង Kim Soo Hyun ពីរឿង Queen of Tears

Queen of Tears ជារឿងរ៉ាវស្នេហារកាំរកូសរវាង CEO ផ្សារទំនើប Queens Groups គឺ Hong Hae in សម្ដែងដោយ Kim Jin Won និងកូនប្រុសអ្នកកសិករ Baek Hyun Woo សម្ដែងដោយ Kim Soo Hyun ក្រោយពីអ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់ពេល ៣ឆ្នាំ។ ចេញផ្សាយតាំងតែពីខែមីនា ឆ្នាំ២០២៤ រឿងភាគមនោសញ្ចេតនាលាយឡំនឹងភាពកំប្លុកកំប្លែងនេះ ទទួលបានការគាំទ្រខ្លាំងពីអ្នកនិយមទស្សនារឿងភាគកូរ៉េខាងត្បូង។
គួបផ្សំនឹងធ្លាប់មានពាក្យចចាមអារ៉ាមពីទំនាក់ទំនងក្រោយឆាកផង តួសម្ដែងត្រកូល Kim គូនេះមានអ្នកគាំទ្ររហូតដល់ទៅ ៤១៨៨ សំឡេង ឬស្មើនឹង៣៣ភាគរយ ជាគូតួឯកលំដាប់លេខ២ដែលទស្សនិកជនចង់ឃើញពួកគេស្រឡាញ់គ្នាពិតៗ។
១. Kim Hye Yoon និង Byeon Woo Seok ពីរឿង Lovely Runner

រឿងរ៉ាវអភិនីហារផ្អែកលើប្រលោមលោក Webtoon មួយនេះ និយាយពីដំណើរឆ្លងពេលវេលារបស់ Im sol សម្ដែងដោយ Kim Hye Yoon ត្រឡប់ទៅកាន់គ្រាដែលខ្លួនមានអាយុ ១៩ឆ្នាំ ជាមួយនឹងបេសកម្មទៅកែប្រែហេតុការណ៍នៅគ្រាបច្ចុប្បន្ន ដែលធ្វើឱ្យតារាប្រុសក្នុងដួងចិត្ត Ryu Sun Jae សម្ដែងដោយ Byeon Woo Seok បានបាត់បង់ជីវិត។
ក្នុងលេខរៀងលំដាប់ទី ១នៅលើតារាង តួប្រុសវ័យ៣៣ឆ្នាំ និងតួស្រីវ័យ២៨រូបនេះ ជាដៃគូសម្ដែងដែលទស្សនិកជនរហូតដល់ទៅ ៧៧៥១ នាក់ ឬប្រមាណ ៦១ភាគរយប៉ងឱ្យពួកគេចាប់ចិត្តស្រឡាញ់គ្នានៅក្រៅឆាក៕























Account
Security
Favourite Content