បេក្ខភាពផ្លូវការកម្មវិធីប្រកួតបវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២៣ ត្រូវបើកបង្ហាញហើយកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ត្រូវនឹងថ្ងៃបុណ្យនៃក្តីស្រលាញ់។ ក្នុងនោះ មានបេក្ខភាព ១៣ រូប ត្រៀមប្រកួតប្រជែងដណ្តើមយកមកុដ Miss Queen Cambodia 2023 ដើម្បីមានឱកាសតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ។
លោក អេង ស៊ីម៉េង អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Cambodia International Models បានលើកឡើងថា បេក្ខភាពប្រកួតឆ្នាំនេះមិនខុសពីឆ្នាំមុនប៉ុន្មានឡើយ ពោលគឺគ្រប់គ្នាមានសក្ដានុពលខ្លាំងរៀងៗខ្លួន។ លើសពីនេះថែមទាំងមានភាពវ័យឆ្លាតអាចបត់បែនគ្រប់ស្ថានការណ៍ មានឆន្ទៈ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតប្រជែងថែមទៀតផង។
អ្នកចាត់ការទូទៅរូបនេះបន្តថា មែនទែនទៅកម្មវិធីប្រកួតប្រជែងសម្រស់បវរកញ្ញាភេទទីបីកម្ពុជា បង្កើតឡើងដោយលោក ម៉ែន និមលរតន៍ តាំងពីឆ្នាំ ២០២០ មកម៉្លេះ ក្នុងគោលបំណងចូលរួមការលុបបំបាត់ការរើសអើងភេទទីបីនៅក្នុងសង្គមកម្ពុជា។ ដ្បិតតែកម្មវិធីទើបបង្កើតឡើងបានមិនប៉ុន្មានក៏ពិតមែន តែទទួលបានសមិទ្ធផលគួរជាទីគាប់ចិត្ត។ ជាក់ស្តែង កាលពីឆ្នាំ ២០២២ កញ្ញា សៃហ្វុន បាននាំយកភាពជោគជ័យដ៏ធំធេងមកកាន់កម្ពុជា ដោយនាងបានជាប់ចំណាត់ថ្នាក់ ១១ នាក់ចុងក្រោយ (Top11) ក្នុងការប្រកួត Miss International Queen 2022 និងពានរង្វាន់ Miss Photogenic Award ថែមទៀតផង។
ដូច្នេះ លោកសង្ឃឹមថា បេក្ខភាពប្រឡង Miss Queen Cambodia 2023 នឹងខិតខំពង្រឹង ហើយដុះខាតសមត្ថភាពខ្លួនឯងឱ្យខ្លាំងក្លាជាងមុន ដើម្បីដណ្តើមយកមកុដ បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២៣។ ចាប់ពីពេលនេះទៅ បេក្ខភាពផ្លូវការទាំង ១៣ រូប នឹងចាប់ផ្តើមសកម្មភាពផ្សេងៗតាមការរៀបចំរបស់ក្រុមហ៊ុន CIM ឆ្ពោះទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលគ្រោងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះ។
ភ្ជាប់ជាមួយការបើកបង្ហាញសមាសភាពបេក្ខភាពផ្លូវការ ក្រុមហ៊ុន CIM ក៏ឆ្លៀតធ្វើពីពិធីបំពាក់មកុដ និងឆៀងថ្មីឱ្យបវរកញ្ញា ២ រូប រួមមាន កញ្ញា សួន ពិសី ជា Miss Asian Global Cambodia 2023 និងកញ្ញា សូ ដាណា ជា Miss Petite Global Cambodia 2023 ដែលអ្នកទាំងពីរត្រៀមចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗនេះ គឺ Miss Asian Global Cambodia 2023 ចេញទៅប្រកួតនៅសប្តាហ៍ក្រោយ ចំណែក Miss Petite Global Cambodia 2023 គ្រោងរៀបចំការប្រកួតនៅអំឡុងខែឧសភា ខាងមុខនេះ៕























Account
Security
Favourite Content