តុលាការប្រទេសវៀតណាមបានកាត់ទោស Miss Grand International 2021 នាង Nguyen Thuc Thuy Tien ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទផ្សព្វផ្សាយលើសការពិត និងចែកចាយចាហ៊ួយសុខភាពម៉ាក Kera។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vn Express តុលាការបានរកឃើញថា Nguyen Thuc Thuy Tien និងបុគ្គល ៤រូបទៀត មានទោសពីបទបោកប្រាស់អតិថិជន ហើយធ្វើការផ្សព្វផ្សាយលើសពីការពិត ខណៈគ្រឿងផ្សំនៃផលិតផលក៏មិនមានប្រភពច្បាស់លាស់។
ជាក់ស្ដែង តុលាការបានរកឃើញថា កម្រិតជាតិសរសៃជាក់ស្ដែងមានត្រឹមតែ ០.៩៣៥ភាគរយប៉ុណ្ណោះ ដែលខុសពីអ្វីដែលក្រុមហ៊ុនអះអាងថាជាបរិមាណគ្រប់គ្រាន់សម្រាប់អ្នកមិនបរិភោគបន្លែ។ ដូចគ្នាដែរ ការអះអាងថាចាហ៊ួយនេះផលិតពីបន្លែ ១០មុខក៏មិនមែនជាការពិតដូចគ្នា។
ជាលទ្ធផល នាង Nguyen Thuc Thuy Tien ដែលធ្លាប់ជាម្ចាស់មកុដ Miss Grand International 2021 ត្រូវទទួលទោសជាប់ពន្ធនាគារ ២ឆ្នាំ ដូចគ្នាទៅនឹងប្រធានក្រុមហ៊ុន លោកស្រី Nguyen Thi Thai Hang និងលោក Pham Quang Linh។

ទន្ទឺមគ្នានេះ នាយកប្រតិបត្តិ Le Tuan Linh និងលោក Le Thanh Cong ក៏ត្រូវជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និង ៣ខែសម្រាប់បទល្មើសតែមួយ ខណៈតុលាការក៏បានពិន័យអ្នកទាំង ៥ជាទឹកប្រាក់ចំនួន ៥០លានដុង ឬប្រមាណ ១ ៩០០ដុល្លារអាមេរិកផងដែរ។
បន្ថែមពីទោសខាងលើ តុលាការបានបញ្ជាឱ្យរឹបអូសប្រាក់ចំណេញខុសច្បាប់ជាង ១២ ពាន់លានដុង ឬជាង ៤៥ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន Chi Em Rot ស្របពេលដែលក្រុមហ៊ុននេះក៏ត្រូវសងប្រាក់ទៅកាន់អតិថជនប្រមាណ ៥៦ ០០០នាក់ដែលបានបញ្ជាទិញផលិតផលនេះ គិតជាទឹកប្រាក់សរុបចំនួន ១៧.៥ពាន់លានដុង ឬប្រមាណ ៦៦ម៉ឺនដុល្លារអាមេរិក៕
























Account
Security
Favourite Content