នាព្រឹកថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្ដាញសង្គម និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ឲ្យបញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើចមកផលិតមាតិកា ដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការយកវិធីសាស្ត្រលេងសើច ឬ Prank មកផលិតមាតិការបស់ខ្លួននេះ មិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាឡើយ ប៉ុន្តែជាការបង្កើតមាតិកា ដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឲ្យមានការយល់ច្រឡំ។
ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា មានអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានផលិតវីដេអូមានខ្លឹមសារបំពានក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញផ្ទុះការរិះគន់ខ្លាំង ចំពោះអ្នកបង្កើតមាតិកាដែលគេស្គាល់ថា កាកា តឿ បានបង្ហោះវីដេអូដែលលេងសើច ប៉ះពាល់ដល់កុមារីលក់សណ្ដែកដីម្នាក់។ ក្នុងវីដេអូបង្ហាញពីភាពអសីលធម៌ មិនគួរកើតមានក្នុងសង្គម៕

រូបភាព៖ ក្រសួងព័ត៌មាន























Account
Security
Favourite Content