នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ ក្រសួងព័ត៌មានបានចេញសេចក្ដីប្រកាសស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍” ដោយកំណត់ឱ្យអ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា និងអ្នកមានប្រជាប្រិយភាព ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងបទពិសោធន៍ប្រឡូកក្នុងវិស័យនេះ។

ក្រសួងព័ត៌មានបានបញ្ជាក់ថា សេចក្ដីប្រកាសនេះបានធ្វើឡើងក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន។
ក្រសួងព័ត៌មានបានកំណត់លក្ខខណ្ឌថា អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា និងអ្នកមានប្រជាប្រិយភាពត្រូវមានអាយុចាប់ពី២០ឆ្នាំឡើងទៅ មានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ និងត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពី ក្រសួងព័ត៌មាន ឬស្ថាប័ន ដែលមានការទទួលស្គាល់ដោយក្រសួងព័ត៌មាន។
អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា និងអ្នកមានប្រជាប្រិយភាពក៏តម្រូវឱ្យមានបទពិសោធន៍ធ្លាប់បម្រើការងារជាអ្នកយកព័ត៌មានយ៉ាងតិច១ឆ្នាំ ដែលមានលិខិតបញ្ជាក់ទទួលស្គាល់ពីសាមីអង្គភាព ដែលខ្លួនសរសេរអត្ថបទផ្សាយ ឬកិច្ចសន្យាការងារចុងក្រោយ និងធ្លាប់បានសរសេរអត្ថបទព័ត៌មានឱ្យអង្គភាពសារព័ត៌មានយ៉ាងតិចចំនួន៣។
បន្ថែមពីនេះ អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា និងអ្នកមានប្រជាប្រិយភាពក៏តម្រូវឱ្យមានលិខិតបញ្ជាក់ទីកន្លែងរស់នៅ និងកិរិយាមារយាទពីឃុំ-សង្កាត់ រួមទាំងមានលិខិតបញ្ជាក់សុខភាពផ្លូវការ និងមិនធ្លាប់មានការតវ៉ាជាអាទិ៍លើអត្ថបទ ឬវីដេអូ ឬរូបភាព ឬវប្បធម៌ ឬក្បួនខ្នាត អក្សរសាស្ត្រ និងភាសាជាតិខ្មែរ ដែលរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈ៕





























Account
Security
Favourite Content