MEOVV ក្រុមចម្រៀងនារីរបស់កូរ៉េខាងត្បូងបានអះអាងថា “I Don’t Care” របស់ 2NE1 ជាបទចម្រៀងដំបូងដែលនាំឱ្យពួកនាងស្គាល់ពិភព K-pop និងផ្ដើមក្ដីស្រមៃនៃការប្រលូកក្នុងវិស័យមួយនេះ។

កាលពីថ្ងៃទី៣០ ខែកញ្ញានេះ ក្រុមចម្រៀងនារីដែលទើបតែបង្ហាញខ្លួនមួយនេះ បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី “Youngstreet” របស់ស្ថានីយវិទ្យុ SBS Power FM ដោយមាន Wendy សមាជិកក្រុម Red Velvet ជាអ្នកសម្របសម្រួលកម្មវិធី។ កញ្ញាបានជជែកលែងជាមួយនឹងសមាជិកទាំង ៥ពីអារម្មណ៍របស់ពួកនាងជាមួយនឹងការចាប់ផ្ដើមអាជីពជាតារាចម្រៀង មុននឹងលើកយកប្រធានបទទី ២មកចែករំលែក ដោយពិធីការនីរូបនេះបានផ្ដើមថា៖ “នេះជាបទដែលធ្វើឱ្យ MEOVV មានក្ដីសុបិនចង់ក្លាយជាអ្នកចម្រៀង”។
ក្រោយមកសំនៀងនៃបទ I Don’t Care ក៏បានបន្លឺឡើង បន្តដោយ Wendy ដែលបានចោទជាសំណួរទៅភ្ញៀវរបស់ខ្លួនទាក់ទងនឹងមូលហេតុដែលពួកនាងជ្រើសរើសបទរបស់រៀមច្បងមួយនេះមកបកស្រាយ។ ភ្លាមនោះ សមាជិកក្រុម Gawon ក៏បានឆ្លើយថា៖ “តាមពិតទៅ បទនេះជាបទមួយដ៏ពិសេសដែលបាននាំខ្ញុំឱ្យស្គាល់ពិភព K-pop ហើយពួកយើងទាំង ៥នាក់ពិតជាចូលចិត្តបទនេះមែនទែន”។

ទន្ទឹមគ្នានេះដែរ ពិធីការនីក៏បានទទួលស្គាល់ថា នាងក៏ជាមនុស្សម្នាក់ដែរ ដែលស្រឡាញ់បទមួយនេះ។ បន្ថែមពីនេះទៀត Wendy ក៏បានយល់ស្របទៅលើការលើកឡើងរបស់ Gawon ផងដែរ ដោយនាងនិយាយថា គ្រប់អាល់ប៊ុម និងចម្រៀងរបស់ក្រុមចម្រៀងស្រីលំដាប់កំពូលដូចជា 2NE1 សុទ្ធតែមានចំណែករួមដែលនាំឱ្យសិល្បករគ្រប់រូបបាក់ចិត្តស្រឡាញ់វិស័យចម្រៀង K-pop។
ក្រៅពីបទចម្រៀងដ៏ល្បីល្បាញមួយនេះ សមាជិកទាំង ៥ក៏បានលើកយកបទចម្រៀងដទៃទៀតមកបកស្រាយផងដែរ ដូចជាបទ U-Go-Girl របស់ Lee Hyori, Psycho របស់ Red Velvet និងបទចម្រៀងដំបូងរបស់ខ្លួន MEOW។
គួរបញ្ជាក់ផងដែរថា MEOVV ជាក្រុមចម្រៀងស្រីថ្មី និងដំបូងបង្អស់របស់ THE BLACK LABEL ដែលបានចាប់ផ្ដើមដំណើរលើវិថីសិល្បៈកាលពីថ្ងៃទី៦ ខែកញ្ញានេះ ជាមួយនឹងបទ MEOW ដែលទទួលបានចំនួនចូលទស្សនាជាង ២៤លានដងរួចទៅហើយនៅលើយូធូប គិតត្រឹមថ្ងៃទី៤ ខែតុលានេះ៕
























Account
Security
Favourite Content