មុននេះបន្តិច ទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ Roat Nimul Men របស់នាយកប្រតិបត្តិក្រុមហ៊ុន Cambodia International Models (CIM) លោក ម៉ែន និមលរតន៍ បានបង្ហោះដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដែលក្រុមហ៊ុន CIM នឹងជ្រើសរើសយកបវរកញ្ញាចក្កវាឡកម្ពុជា ១រូប ក្នុងចំណោមបវរកញ្ញាចក្កវាឡកម្ពុជា៥ជំនាន់ (2018-2022) មកតែងតាំងជា Miss International Cambodia 2023ដែលនឹងត្រូវតំណាងឲ្យកម្ពុជាទៅប្រកួតប្រជែង Miss International 2023 នៅប្រទេសជប៉ុន ចុងឆ្នាំនេះ។

តាមរយៈការផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ AMS Infotainment លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM បានបង្ហើបឱ្យដឹងថា បវរកញ្ញាចក្កវាឡកម្ពុជាដែលនឹងត្រូវជ្រើសជា Miss International Cambodia 2023 គឺនាងជាមនុស្សស្រីស្រស់ស្អាត គួរឱ្យស្រលាញ់ មើលទៅទាក់ទាញបែបខ្ជូតៗ និងអាចប្រើប្រាស់ភាសាអង់គ្លេងបានល្អ ហើយបច្ចុប្បន្នក៏កំពុងសិក្សានៅសកលវិទ្យាល័យផងដែរ។ យ៉ាងណា លោកសុំមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ទុកឱ្យហ្វេនៗទស្សន៍ទាយសិន ម៉្យាងក្រុមហ៊ុនក៏ត្រៀមនឹងចេញសេចក្តីប្រកាសផ្លូវការនាពេលឆាប់ៗនេះផងដែរ។

នាយកប្រតិបត្តិរូបនេះបន្តថា ការសម្រេចជ្រើសរើសយកបវរកញ្ញាចក្កវាឡកម្ពុជា ឱ្យក្លាយជា Miss International Cambodia 2023 ដោយសារការប្រកួត Miss Cambodia 2023 ត្រូវបានពន្យារពេលរៀបចំ ហើយមួយវិញទៀតលោកក៏មើលឃើញពីសក្តានុពលរបស់បវរកញ្ញាចក្កវាឡកម្ពុជាយើងថា អាចនឹងពាំនាំយកលទ្ធផលល្អមកជូនជាតិកម្ពុជាវិញ ពេលដែលនាងចេញទៅប្រកួតនៅកម្មវិធីអន្តរជាតិនេះ។
ដោយឡែក សម្រាប់កម្មវិធី Miss Cambodia 2023 នឹងត្រូវពន្យាពេលរៀបចំសិន ដូច្នេះបេក្ខភាពមានពេលវេលាច្រើនជាងមុនបន្តិចដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង ឆ្ពោះទៅការដណ្តើមមកុដដ៏មានតម្លៃ។ លោកសង្ឃឹមថា មហាជន ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គម នឹងគាំទ្រ ហើយលើកទឹកចិត្តដល់បវរកញ្ញាចក្កវាឡកម្ពុជា ដែលនឹងត្រូវជ្រើសជា Miss International Cambodia 2023 ដើម្បីឱ្យនាងមានកម្លាំងចិត្តតំណាងជាតិកម្ពុជា ក្នុងការប្រកួតប្រជែងកម្មវិធី Miss International 2023 នៅប្រទេសជប៉ុន នៅចុងឆ្នាំនេះ។
ចង់ដឹងថា បវរកញ្ញាចក្កវាឡកម្ពុជាម្នាក់ណាក្នុងចំណោម MUC ៥ជំនាន់ រួមមាន រឿន ណាត, សំណាង អេលីណា, រ៉េត សារីតា, ងិន ម៉ារ៉ាឌី និង ហង្សា ម៉ានីតា ដែលនឹងត្រូវជ្រើសជា Miss International Cambodia 2023 បន្ទាប់ពី កញ្ញា ជា ចារ៉ានី កុំភ្លេចតាមដានការ update លើទំព័រហ្វេសប៊ុកផ្លូវការ Cambodia International Models និង Miss Cambodia ឆាប់ៗនេះ៕

























Account
Security
Favourite Content