លោក Rob Jetten មេដឹកនាំគណបក្សប្រជាធិបតេយ្យ ៦៦ ឬ D66 បានបង្កើតប្រវត្តិសាស្ត្រប្រចាំប្រទេសហូឡង់ ក្នុងនាមជានាយករដ្ឋមន្ត្រីដែលស្រឡាញ់ភេទដូចគ្នាដោយបើកចំហដំបូងគេ និងជាមេដឹកនាំវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយហូឡង់ ខណៈគូដណ្ដឹងរបស់លោក គឺ Nico Keenan នឹងក្លាយជាបុរសទី ១។


លោក Rob Jetten មិនត្រឹមតែជា អ្នកនយោបាយដែលទទួលបានប្រជាប្រិយភាពដោយសារសមត្ថភាពរបស់លោកប៉ុណ្ណោះទេ តែនាយករដ្ឋមន្ត្រីដែលទើបតែឈ្នះឆ្នោតក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែតុលា នេះ ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារទំនាក់ទំនងបើកចំហជាមួយនឹងមិត្តប្រុសរបស់លោកផងដែរ។
ជាក់ស្ដែង នាយករដ្ឋមន្ត្រីវ័យ ៣៨ឆ្នាំនេះបានចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ ២០១៧ និងក្លាយជាមេដឹកនាំគណបក្ស D66 ក្នុងឆ្នាំ ២០២៣។ លោកគឺជាអ្នកនយោបាយសេរីម្នាក់ដែលសង្កត់ធ្ងន់លើតម្លាភាព និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ជាពិសេសលើគោលនយោបាយអន្តោប្រវេសន៍ រួមជាមួយនឹងគោលនយោបាយអំពីថាមពល និងបរិស្ថាន។
និយាយពីជីវិតស្នេហាវិញ បច្ចុប្បន្ននេះ លោកកំពុងតែទាក់ទងជាមួយនឹងលោក Nico Keenan ដែលជាកីឡាករ Hockey ជម្រើសជាតិអាហ្សង់ទីន។ ដើមឡើយ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានកើតនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន មុននឹងលោកផ្លាស់ប្ដូរមកនៅទ្វីបអឺរ៉ុបតាំងតែពីក្មេងៗ។

លុះមកដល់ឆ្នាំ ២០១៧ លោក Nico Keenan បានផ្លាស់ប្ដូរមកហ្វឹកហាត់នៅក្នុងក្លឹប Klein Zwitserland ក្នុងទីក្រុង The Hague ប្រទេសហូឡង់ ជាទីកន្លែងដែលលោកបានជួបជាមួយនឹងមិត្តប្រុសអ្នកនយោបាយរូបនេះ។ កន្លងមកលោក Rob Jetten ក៏ធ្លាប់បានចែករំលែកដែរថា៖ “ពួកយើងនៅក្បែរៗគ្នា ហើយខ្ញុំតែងតែជួបគាត់នៅឯផ្សារទំនើបជាញឹកញាប់។
ភ្ជាប់ជាមួយនឹងរូបភាពបំពាក់ចិញ្ចៀនភ្ជាប់ពាក្យដែលបានចែករំលែកនៅលើគណនី Instagram តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយនឹងសំណេរខ្លីថា “Soon to be Mr&Mr” និងពិធីមង្គលដែលអាចនឹងកើតមានឡើងក្នុងពេលខាងមុខនេះ Nico Keenan នឹងក្លាយជាបុរសទី ១ប្រចាំប្រទេសហូឡង់។


ទំនាក់ទំនងស្នេហាភេទដូចគ្នារវាង អ្នកនយោបាយ និងកីឡាកររូបនេះ គឺជាភស្តុតាងមួយនៃវឌ្ឍនភាព និងសមភាពនៅក្នុងសង្គមអឺរ៉ុប ដែលអាចក្លាយជាកម្លាំងជំរុញមួយបន្ថែមសម្រាប់សហគមន៍ LGBTQ+ និងអ្នកតស៊ូមតិស្វែងរកភាពស្មើគ្នាដទៃទៀត។
ដោយឡែក លោក Rob Jetten មិនត្រឹមតែជាតំណាងនៃនយោបាយសម័យទំនើបប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជានិមិត្តរូបនៃភាពក្លាហានក្នុងការបើកចំហភាពជាខ្លួនឯង និងក្ដីស្រឡាញ់របស់លោកចំពោះមុខសារធារណជនផងដែរ៕





























Account
Security
Favourite Content