«តប់» ជាបទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ សម្រាប់ហ្វេនៗរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ បន្ទាប់ពីបានទស្សនា MV និងស្តាប់អត្ថន័យចម្រៀងថ្មីនេះ មហាជនបានបញ្ចេញមតិយោបល់ផ្សេងៗគ្នា ដែលក្នុងនោះមានទាំងការលើកសរសើរ និងការរិះគន់យ៉ាងចាស់ដៃ។
ក្រឡេកទៅមើលតារាចម្រៀងសំឡេងផ្អែម មាស សុខសោភា ឯណោះវិញ នៅតែរក្សាជំហរវិជ្ជមានចំពោះស្នាដៃចម្រៀងថ្មីនេះ ដោយនាងបានសម្តែងការពេញចិត្តចំពោះមតិគាំទ្រល្អៗ តែក៏ឆ្លើយតបទៅកាន់អ្នករិះគន់បទចម្រៀង «តប់» នេះផងដែរ។


តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានធ្វើការឆ្លើយតបយ៉ាងត្រជាក់ចិត្តចំពោះអ្នករិះគន់នាងយ៉ាងដូច្នេះថា «សិល្បៈចំរៀងដែលខ្ញុំនិងក្រុមការងាររបស់ខ្ញុំបង្កើតឡើងមកសំរាប់អ្នកគាំទ្ររបស់ខ្ញុំទទួលបានសេចក្តីសុខទៅតាមមនោអារម្មណ៏នៃការគិតរបសគាត់ តែបើលោកទាំងឡាយស្តាប់ចំរៀងរបស់ខ្ញុំហើយទទួលបាននូវសេចក្តីទុក្ខនោះក៏ខ្ញុំមិនមានសិទិ្ធទៅបង្ខំអោយលោកអ្នកក្នុងការបញ្ចេញយោបល់របស់គាត់ឡើយ ព្រោះថាសេចក្តីសុខពិតប្រាកដគឺជាភាវធម្មជាតិមួយដែលផ្តើមចេញមកពីកិលេស «ល្អ » អរគុណបងប្អូនគាំទ្រដោយក្តីគោរពស្រលាញ់ពីនាងខ្ញុំ មាស សុខសោភា»។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងហ្វេនៗខ្លះក៏បង្ហាញការគាំទ្រគំនិតវិជ្ជមានរបស់ មាស សុខសោភា។


សូមជម្រាបផងដែរថា តារាចម្រៀង មាស សុខសោភា បានទម្លាក់ស្នាដៃចម្រៀងចូលឆ្នាំថ្មីចំនួន ៣ បទ ក្នុងឆានែលយូធូប Camtrax Music សម្រាប់ហ្វេនៗរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកំពុងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។ ចម្រៀងថ្មីទាំង ៣ នោះមានដូចជា «ប្រាក់ខែនិងចិត្តស្មោះ» «ជួបជុំផៅញាតិ» និង «តប់» តែក្នុងចំណោមនោះមានតែបទ «តប់» ប៉ុណ្ណោះដែលរងការរិះគន់ចាស់ដៃជាងគេ ខណៈ ២ បទផ្សេងទៀតទទួលបានការសរសើរច្រើន តែមិនសូវផ្ទុះខ្លាំងប៉ុន្មានឡើយ៕























Account
Security
Favourite Content