Maggie Cheung ជាតារាស្រីហុងកុងដ៏ល្បីល្បាញមួយរូបនាទស្សវត្សឆ្នាំ ៨០ និងបន្សល់ស្នាដៃភាពយន្ដកុនល្បីៗ ជាច្រើនដល់ក្មេងៗ នាពេលបច្ចុប្បន្ន។ នាងបានចាប់ផ្ដើមបាត់មុខពីពិភពសិល្បៈម្ដងបន្តិចៗក្នុងឆ្នាំ ២០០៤ និងបង្ហាញមុខត្រឹមជាតួរង ឬ Cameo ប៉ុណ្ណោះក្នុងរឿងមួយចំនួន។

នាងចាប់ផ្ដើមបង្ហាញសកម្មភាពម្ដងទៀតកាលពីឆ្នាំ ២០២២ ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងគឺការបង្កើតបណ្ដាញសង្គម Tik Tok ចិនរបស់ខ្លួនជាផ្លូវការ និងបង្ហាញខ្លួនក្នុងវីដេអូមើលទៅពិតជាស្រស់ស្អាត។ បច្ចុប្បន្ន បើតាមការបង្ហើបរបស់អ្នកគាំទ្ររបស់នាង តារាស្រីវ័យ ៥៨ រូបនេះមិនរស់នៅហុងកុងឡើយ ដោយនាងជ្រើសរើសរស់នៅប្រទេសអង់គ្លេសបែបស្ងប់ស្ងាត់ជាមួយទ្រព្យសម្បត្ដិដែលនាងរកបាន។



បើតាមការបញ្ជាក់ពីអ្នកគាំទ្រ Maggie Cheung ក៏ត្រូវបានគេប្រទះឃើញដើរផ្សារទិញឥវ៉ាន់នៅទីក្រុង ឡុងហ៍ ថ្វីបើនាងតុបតែងខ្លួនមើលទៅធម្មតាៗ ប៉ុន្ដែឥវ៉ាន់ដែលរូបនាងទិញសុទ្ធសឹងជារបស់ប្រេន។ អ្នកគាំទ្របានលើកឡើងថា នាងពិតជារួសរាយនៅខាងក្រៅ និងស្រស់ស្អាត តែនាងបានបដិសេដសុំមិនថតរូបជាមួយអ្នកគាំទ្រឡើយដើម្បីរក្សាភាពឯកជន។ ទោះជាយ៉ាងណា នាងក៏បានរាក់ទាក់ និងចាប់ដៃរបស់អ្នកគាំទ្រ។


បើក្រឡេកមកមើលពីជីវិតគ្រួសារវិញ នាងបានរៀបការជាមួយអ្នកដឹកនាំល្បីលោក Olivier Assayas ក្នុងឆ្នាំ ១៩៩៨ និងបានលែងលះគ្នាក្នុងឆ្នាំ ២០០១។ ក្រោយមករូបនាងក៏មានទំនាក់ទំនងស្នេហាជាមួយលោក Ole Scheeren ក្នុងឆ្នាំ ២០០៧ សេពគប់គ្នាបានប៉ុន្មានឆ្នាំ អ្នកទាំងពីរក៏បានបែកគ្នាក្នុងឆ្នាំ ២០១១។ បច្ចុប្បន្ន នាងត្រូវបានគេរាយការណ៍មិនមានដៃគូជីវិតនោះទេ និងរស់នៅម្នាក់ឯង។ បើយោងតាមប្រភពព័ត៌មាន Celebrity Net Worth តារាស្រី Maggie Cheung មានទ្រព្យសម្បត្ដិប្រមាណ ៨០ លានដុល្លារអាមេរិក៕

























































Account
Security
Favourite Content