កាលពីពេលថ្មីៗនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានទៅសួរសុខទុកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ហើយបានទម្លាយពីស្ថានភាពជំងឺរបស់ម្ចាស់បទ “Time To Rise” ដែលមានជំងឺរ៉ាំរ៉ៃ ២ មុខយាយីរាងកាយ។

បើយោងតាមការបង្ហោះនោះ បានឲ្យដឹងថាលោកមានជំងឺសួត និងជំងឺទឹកនោមផ្អែម កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ តាមរូបភាពឃើញស្ថានភាពលោកតា ព្រឹទ្ធាចារ្យកោសល្យវោហារសម្រាន្តនៅកន្ទាល ដោយមានលោកយាយ តាត់ ឆេន ជាអ្នកមើលការខុសត្រូវ។ ប្រធានសមាគមសិល្បៈបានទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ជាមួយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន។
តាមការពិតលោកតា គង់ ណៃ ក៏ត្រូវចូលរួមព្រឹត្តិការណ៍ធំមួយនាចុងខែវិច្ឆិកានេះ គឺលោកគ្រោងថានឹងទៅចូលរួម អបអរសាទរខួបចាប៉ីដងវែងលើកទី៧ ដែលចាប់ផ្ដើមនាថ្ងៃទី ២៩ – ៣០ ខែវិច្ឆិកា។ ចៃដន្យលោកតាបែរជាធ្លាក់ខ្លួនឈឺងើបមិនរួចបែបនេះជាមុនទៅវិញ។ ក្រោយឃើញព័ត៌មានរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ អ្នកលេងបណ្ដាញសង្គម បួងសួង និងជូនពរឲ្យវីរសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញរូបនេះឆាប់ជាសះស្បើយវិញ។




គួរបញ្ជាក់ថា លោកតា គង់ ណៃ ដែលជាអ្នកជំនាញចាប៉ីដងវែង ព្រមទាំងភរិយា បានផ្ដល់កិត្តិយសបង្ហាញវត្តមាន ជាពិសេសក្នុងការសម្ដែងទស្សនីយភាព «Time To Rise» យ៉ាងមានថាមពលខ្លាំងខ្លា នៅពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ ២០២២ ធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិមរតកតេជោកន្លងទៅ៕


លោកតា គង់ណៃ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ កាលឆ្នាំ ២០២២



ស្ថានភាពលោកតា គង់ ណៃ ថ្មីៗនេះ
























Account
Security
Favourite Content