បកត្រឡប់ទៅកាលពីឆ្នាំ ២០១៧ តារាសម្ដែងស្រីចិនល្បី Liu YiFei ឬសៀវ ឡុងនី បានចាប់ដៃគូសម្ដែងជាមួយតារាប្រុសរូបសង្ហា YangYang ក្នុងរឿងបែបបុរាណ “Once Upon A Time”។ រឿងនេះដែរ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងស្រុក និងរកចំណូលបានប្រមាណ ៨៧ លានដុល្លារអាមេរិក។

បន្ទាប់ពីសហការរួមគ្នាម្ដងនោះមក អ្នកទាំងពីរមិនដែលមានឱកាសបានសម្ដែងរឿងរួមគ្នា ឬជួបគ្នាក្នុងកម្មវិធីណាមួយឡើយ ជាហេតុធ្វើឱ្យក្រុមអ្នកគាំទ្រនឹករលឹកចំពោះដៃគូសម្ដែងមួយនេះ។ យ៉ាងណាមិញថ្មីៗនេះ អ្នកទាំងពីរបានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គមក្រោយបានជួបគ្នាម្ដងទៀតក្នុងកម្មវិធីរបស់ប្រេន Bvlgari លំដាប់ពិភពលោក។
វត្ដមានរបស់តារាប្រុសស្រីមួយគូនេះដែរចូលរួមក្នុងនាមជាទូតផ្សព្វផ្សាយរបស់ប្រេន Bvlgari។ គ្រាន់តែបានជួបគ្នាភ្លាមអ្នកទាំងពីរមិនបង្អង់យូរក៏និយាយរាក់ទាក់គ្នា កាន់តែពិសេសអ្នកទាំងពីរក៏បានអោបគ្នាដើម្បីបង្ហាញសេចក្ដីនឹករលឹកចំពោះគ្នាផងដែរ។ ភ្លាមៗ ដែរ ឈ្មោះរបស់អ្នកទាំងពីរក៏បានក្លាយជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម Weibo និងមានមនុស្សរាប់លាននាក់បាននិយាយពីរឿងនេះ។
ក្រោយពីឃើញទំនាក់ទំនងនៅតែជិតដិត និងគ្មានភាពទើសទាល់រវាងគ្នា អ្នកគាំទ្រជាច្រើនបានសំណូមពរចង់ឱ្យអ្នកពីរសម្ដែងរឿងរួមគ្នាសាជាថ្មីម្ដងទៀត មិនថាតែរឿងសម័យ ឬរឿងបុរាណឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្នតារាប្រុសស្រីមួយគូនេះមិនទាន់ទទួលរឿងភាគថ្មីសម្ដែងឡើយ ដោយមួយរយៈចុងក្រោយតារាស្រី Liu YiFei រវល់ចូលរួមកម្មវិធីប្រេនមួយចំនួន និងកម្មវិធីល្បី Paris Fashion Week ផងដែរ ដូច្នេះទើបអ្នកគាំទ្រសង្ឃឹមថាអាចមានក្រុមរឿងភាគណាមួយពិចារណាហៅអ្នកទាំងពីរមកសម្ដែងរឿងរួមគ្នាម្ដងទៀត។ ជាមួយគ្នាដែរ អ្នកទាំងពីរក៏ត្រូវបានគេរំពឹងទុកថាអាចជួបគ្នាម្ដងទៀតក្នងកម្មវិធី Weibo Awards នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៣ ខាងមុខនេះ៕

























Account
Security
Favourite Content