មុននេះបន្តិច លោកគ្រូបង្រៀនដើរ Catwalk និងជាម្ចាស់ប្រេន KALKIN អូលីវ៉ា គង់ បានបង្ហើបឱ្យ AMS Infotainment ដឹងថា កុមារីវ័យ ៥ ឆ្នាំ ឡឺរេន នឹងធ្វើដំណើរចេញទៅប្រទេសអ៊ីតាលី ជាមួយលោក និងតារាម៉ូដែលផ្សេងទៀត ដើម្បីទៅចូលរួមដើរបង្ហាញម៉ូដលើឆាកអន្តរជាតិ ក្នុងកម្មវិធី Milan Fashion show។


នេះជាលើកទី២ហើយដែល កុមារី ឡឺរេន មានឱកាសដើរបង្ហាញម៉ូដកម្មវិធីលំដាប់អន្តរជាតិ ដោយថ្មីៗនេះ ម៉ូដែលវ័យក្មេងរូបនេះ ទើបបានចូលរួមដើរបង្ហាញម៉ូដលើឆាកអន្តរជាតិ នៅប្រទេសវៀតណាម ក្នុងកម្មវិធី Vietnam International Junior Fashion Week។





ដ្បិតអាយុទើបតែ ៥ ឆ្នាំក៏ពិតមែន តែកុមារីតូចគួរឱ្យស្រលាញ់នេះ ក្លាហានហ៊ានបញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដយ៉ាងប៉ិនប្រសព្វ ជាមួយទឹកមុខបែបហ្វេសសិនស័ក្តិសមជាតារាម៉ូដែល ធ្វើឱ្យអ្នកចូលរួមនាំគ្នាទះដៃ ហើយស្ងើចសរសើរភាពក្លាហានរបស់នាងគ្រប់ៗគ្នា។
ដោយឡែក ឱកាសចេញទៅដើរបង្ហាញលំដាប់អន្តរជាតិ Milan Fashion show នៅអ៊ីតាលី ធ្វើឱ្យក្រុមគ្រួសារកុមារី ឡឺរេន សប្បាយចិត្តជាខ្លាំង ព្រោះមិននឹកស្មានថា នាងអាចទទួលបានឱកាសចេញទៅដើរម៉ូដក្នុងកម្មវិធលំដាប់អន្តរជាតិទាំងវ័យក្មេង ហើយផ្ទួនៗគ្នាបែបនេះឡើយ។ មួយវិញទៀត ចាប់តាំងពីបានចូលរៀនជាមួយលោកគ្រូ អូលីវ៉ា មក ឡឺរេន ផ្លាស់ប្តូរខ្លួនឯងច្រើនណាស់ នាងមានភាពក្លាហាន ជឿជាក់លើខ្លួនឯង ថែមទាំងហ៊ានបញ្ចេញសមត្ថភាពទេពកោសល្យរបស់ខ្លួនទៅកាន់មនុស្សជុំវិញខ្លួនទៀតផង។
រឹតតែមានមោទនភាពជាងនេះ គឺពេលដែល ឡឺរេន ទទួលបានឱកាសចេញទៅដើរម៉ូដនៅ Milan Fashion show ប្រទេសអ៊ីតាលី ជាកម្មវិធី Fashion show ដ៏ល្បីល្បាញ ដែលនឹងមានតារាម៉ូដែលលំដាប់អន្តរជាតិជាច្រើនមកចូលរួម។




បច្ចុប្បន្ន កុមារី ឡឺរេន កំពុងខំប្រឹងហ្វឹកហាត់ការដើរបង្ហាញម៉ូដឱ្យកាន់តែល្អ និងស្ទាត់ជំនាញ ត្រៀមដើរបង្ហាញម៉ូដលើឆាកអន្តរជាតិប្រទេសអ៊ីតាលី និងដើម្បីលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិដ៏ធំអស្ចារ្យនេះ៕



























Account
Security
Favourite Content