ប្រិយមិត្តអ្នកអានភាគច្រើនប្រាកដជាស្គាល់ ស្រីស្អាត ឡៃអ៊ី តួឯកស្រីក្នុងរឿង «ម៉ែក្រឡាភ្លើង – The Dark Mother» ជាភាពយន្តដែលផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី រហូតនាំចេញទៅចាក់បញ្ចាំងនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ។




ក្រោយច្បាមបានភាពល្បីល្បាញពីខ្សែភាពយន្តរន្ធត់ខ្នាតធំនេះ ឡៃអ៊ី ក៏ទទួលថតរឿងភាគខ្នាតធំ «ដឹកបេះដូងរកស្នេហ៍» ឱ្យភីអិនអិនផងដែរ ដោយបច្ចុប្បន្នរឿងនេះកំពុងចាក់បញ្ចាំងលើម៉ោងមាសនៃកញ្ចក់ទូរទស្សន៍ភីអិនអិនតែម្ដង។
ប្រាប់ឱ្យដឹងថ្មីៗនេះ សេង ចាន់ឡៃអ៊ី ថានាងទទួលបានការងារសិល្បៈថ្មីៗជាហូរហែ រួមទាំងការថតភាពយន្តថ្មីៗទៀតផង។ ជាក់ស្តែង សម្រាប់ឆ្នាំថ្មីនេះ នាងមានស្នាដៃភាពយន្តខ្នាតធំ ២ ត្រៀមបញ្ចេញលើទីផ្សារនាពេលឆាប់ៗនេះ ក្នុងនោះ ១ ជារឿងខ្នាតធំបែបរន្ធត់ព្រឺព្រួច រីឯ ១ ទៀតជាស្នាដៃរឿងភាគ ចំណងជើង «ក្រយ៉ាស្នេហ៍» ជាប្រភេទរឿងបុរាណ។

តួឯកស្រីរឿង «ម៉ែក្រឡាភ្លើង» បង្ហើបថា នាងមានគម្រោងធំមួយទៀត ត្រៀមធ្វើនៅដើមឆ្នាំក្រោយ ដែលគម្រោងនោះអាចនឹងធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង។ តែយ៉ាងណា ពេលនេះនាងមិនអាចទម្លាយអ្វីឱ្យដឹងនៅឡើយ រង់ចាំដល់នោះ គ្រប់គ្នានឹងដឹងដោយខ្លួនឯង។
ដ្បិតជាសិល្បការិនីចំណូលថ្មី តែទីផ្សារសិល្បៈរបស់ ឡៃអ៊ី ខ្ពស់មិនចាញ់រៀមច្បងប៉ុន្មានឡើយ ដោយសារទេពកោសល្យ សមត្ថភាព និងរូបសម្រស់ទាក់ទាញ។ ទោះជាយ៉ាងនេះក្តី តារាស្រីធ្មេញច្រពើសនេះ នៅតែខំប្រឹងពង្រឹងសមត្ថភាពសម្តែងឱ្យកាន់តែល្អប្រសើរជាងនេះទៀត ព្រោះនាងយល់ថា ខ្លួននាងនៅមានចំណុចខ្វះខាតច្រើនដែលត្រូវបំពេញបន្ថែម៕

























Account
Security
Favourite Content