ស្ថាប័ន Miss Universe Cambodia បានរៀបចំការប្រកួតប្រជែងពាក្យគន្លឹះដើម្បីស្វែងរកជើងខ្លាំង ៨ រូបដើម្បីទៅកាន់វគ្គបន្ត។ ចង់ដឹងណាស់ថាបេក្ខភាព Miss Universe Cambodia ទាំង ២០ រូបអាចឆ្លងផុតការប្រកួតដ៏ក្ដៅគគុកនេះបានដែរឬទេ?

នាថ្ងៃចុងសប្ដាហ៍ខាងមុខនេះ បងប្អូនមហាជនអ្នកគាំទ្រវិស័យបវរកញ្ញានឹងបានទស្សនាការប្រកួតដ៏ក្ដៅគគុករបស់បេក្ខភាព Miss Universe Cambodia ទាំង ២០ រូបនៅលើវេទិកានិយាយជាសាធារណៈតាមរយៈការបកស្រាយពាក្យគន្លឹះ។ បេក្ខភាពទាំង ២០ រូបត្រូវត្រៀមខ្លួនជាស្រេចក្នុងការបង្ហាញសមត្ថភាពនៅក្នុងការបកស្រាយពាក្យគន្លឹះដែលខាងកម្មវិធីបានផ្ដល់ឱ្យក្នុងរយៈពេលត្រឹមតែ ១ នាទីតែប៉ុណ្ណោះ។
ការប្រកួតនាលើកនេះមិនត្រឹមជាការបង្ហាញសមត្ថភាពរបស់បេក្ខភាពទាំង ២០ រូប តែជាការវាស់ស្ទង់ចំណេះដឹងនៃការឆ្លងកាត់វគ្គសិក្សានាពេលកន្លងមក។ ដោយឡែក ការប្រកួតនេះដែរក៏ជាការទាញយកពិន្ទុពីគណៈកម្មការ ដើម្បីបន្តទៅកាន់វគ្គបន្ទាប់ទៀតផងដែរ។ សម្រាប់បេក្ខភាពលេចធ្លោ ៨ នាក់ដែលធ្វើបានល្អជាងគេនៅក្នុងការប្រកួតនឹងត្រូវជ្រើសរើសទៅកាន់វគ្គជជែកដេញដោល (DEBATE) ដែលនឹងត្រូវប្រកួតនៅសប្ដាហ៍បន្ទាប់។

ការប្រកួតនេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២២ ខែ មិថុនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៣ រសៀលតទៅ នៅ Factory Phnom Penh។ សម្រាប់បងប្អូនដែលមានបំណងចង់ទស្សនាអាចចូលរួមបានដោយសេរី។ ដោយឡែក បងប្អូនដែលមិនអាចចូលរួមដោយផ្ទាល់អាចទស្សនាការ LIVE ផ្ទាល់នៅលើផេកផ្លូវការ Miss Universe Cambodia ចាប់ពីម៉ោង ៤ ល្ងាចតទៅ។
ការប្រកួតប្រជែងពាក្យគន្លឹះ នាពេលនេះគឺជាការបោះជំហាន១ដ៏សំខាន់របស់បេក្ខភាពទាំង ២០ រូបដើម្បីបន្តទៅកាន់ការប្រកួតក្នុងវគ្គសំខាន់ៗជាច្រើនដូចជា វគ្គជជែកពិភាក្សា , ការងារសង្គម , closed door interview , វគ្គប្រកួតបឋម , និងវគ្គផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Universe Cambodia 2025 នៅក្នុងវគ្គឈុតតំណាងជាតិធ្វើឡើងនៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២៥ ។ រីឯវគ្គប្រកួតបឋមធ្វើឡើងនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ខណៈការប្រកួតផ្ដាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥៕





រូបភាព ៖ ផេក Miss Universe Cambodia






















Account
Security
Favourite Content