នៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៤ ប្រភពព័ត៌មាន China Times បានឲ្យដឹងថា ម្ដាយបង្កើតរបស់អតីតតារាចម្រៀង និងតារាសម្ដែងល្បី Kris Wu បានដាក់លក់រថយន្ដទំនើបមួយគ្រឿងម៉ូឌែល Brabus G800 របស់ Kris ចោលក្នុងតម្លៃ ៦ លានយ៉ន់ ឬប្រហាក់ប្រហែល ៨០ ម៉ឺនដុល្លារអាមេរិក។ លោកស្រីនឹងលក់សម្រាប់អ្នកដែលព្រមបង់ប្រាក់សុទ្ធប៉ុណ្ណោះ និងមិនទទួលការបង់តាមធនាគារឡើយ ស្របពេលដែលកន្លែងទិញលក់ រថយន្ដ ក៏បានចេញបញ្ជាក់ថា នេះជារឿងពិត ដោយម្ដាយរបស់ Kris កំពុងលក់រថយន្ដពិតមែន។



មែនទែនទៅ ចាប់តាំងពីតារាប្រុស Kris Wu បានជាប់ពន្ធនាគារមក ទ្រព្យសម្បត្ដិរបស់លោកជាច្រើនត្រូវបានដាក់លក់ជាបន្ដបន្ទាប់។ នៅក្នុងឆ្នាំ ២០២៣ ផ្ទះរបស់លោកមួយ នៅទីក្រុងសៀងហៃ ក៏ត្រវបានលក់ក្នុងតម្លៃ ១១៥ លានយ៉ន់ ឬប្រហាក់ប្រហែល ១៥ លានដុល្លារអាមេរិក។ ផ្ទះមួយនេះ តារាប្រុស Kris បានទិញក្នុងឆ្នាំ ២០១៨។
យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ប្រាក់ដែលបានមកពីលក់ទ្រព្យសម្បត្ដិគឺត្រូវយកមកប្រើប្រាស់សម្រាប់ការចាយវាយប្រចាំថ្ងៃរបស់ម្ដាយ Kris និងមួយផ្នែកធំដើម្បីសងបំណុល ដល់ម្ចាស់ប្រេន ក្រុមការងារថតរឿង បង់ពន្ធ ថ្លៃមេធាវីសម្រាប់តវ៉ាក្ដីឲ្យ Kris។ បំណុលសរុបដែលតារាប្រុស Kris Wu ជំពាក់គេនោះគឺត្រូវបានរាយការណ៍ថា ប្រមាណជា ៧៧ លានដុល្លារអាមេរិក។ លោកត្រូវបង់សំណងជូនរដ្ឋវិញ សម្រាប់ការគេចពន្ធ និងបន្លំឯកសារនានា រហូតដល់ ៨៣ លានដុល្លារអាមេរិក។


គួរបញ្ជាក់ថា នៅខែ កក្កដា ឆ្នាំ ២០២១ តារាប្រុស Kris Wu ត្រូវបាននារីម្នាក់ឈ្មោះ Du MeiZhu ចេញមុខចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធរឿងបំពានផ្លូវភេទដល់ក្មេងស្រីមិនទាន់គ្រប់អាយុ និងប្រើប្រាស់ឈ្មោះល្បីរបស់ខ្លួនដើម្បីបោកប្រាស់មនុស្សស្រីជាច្រើន។ សេចក្ដីសម្រេចចុងក្រោយពីតុលា Kris Wu ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ។ យោងតាមប្រភពផ្ទៃក្នុងបច្ចុប្បន្ន តារាប្រុសរូបនេះ បានសម្របខ្លួននៅក្នុងពន្ធគារហើយ និងខិតខំបំពេញកាតព្វកិច្ចយ៉ាងល្អនៅទីនោះ ៕

























Account
Security
Favourite Content