បេក្ខភាពជើងខ្លាំងក្នុងការប្រកួត Miss Grand Cambodia 2023 កុយ អេនណា បានជាប់ជយលាភី 1st Runner up Miss Grand Cambodia 2023 ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនខែរួចមក។
ក្រោយជាប់តំណែងនេះ ហ្វេនៗបានសម្តែងការត្រេកអរ និងសោកស្តាយទន្ទឹមគ្នា ព្រោះពួកគេភាគច្រើនរំពឹងថា នាងនឹងអាចដណ្តើមបានមកុដ Miss Grand Cambodia 2023។ ទោះជាយ៉ាងនេះក្តី អេនណា មិនអាក់អន់ស្រពន់ចិត្តអ្វីនោះទេ តែនាងបែរជាញញឹមប្រិមប្រិយទទួលយកការពិត ថែមទាំងចេញមកសម្តែងការអបអរជាមួយ ភឹម ស្រីនោ ជាម្ចាស់មកុដទៀតផង។

ក្រោយជាប់តំណែងនេះ អេនណា បានចេញមុខគ្រប់កម្មវិធីជាមួយម្ចាស់ជយលាភីផ្សេងទៀត និងទទួលធ្វើការងារផ្សេងៗជាច្រើនទៀត រហូតមានការចោតសួរថា តើ អេនណា នឹងត្រឡប់ទៅរៀននៅក្រៅប្រទេស (New Zealand) ដូចអ្វីដែលធ្លាប់ប្រាប់អ្នកសារព័ត៌មានសិល្បៈក្នុងស្រុកឬយ៉ាងណា?

ជាការឆ្លើយតបសំណួរខាងលើ អេនណា បានប្រាប់ឱ្យដឹងតាមរយៈលោកគ្រូបង្រៀនជំនាញ soft skill ថា នាងពិតជាមានគម្រោងចេញទៅរៀនបន្តនៅក្រៅប្រទេសមែន ប៉ុន្តែដោយសារបច្ចុប្បន្ននាងត្រូវនៅបំពេញតួនាទីជាបវរកញ្ញាក្នុង Miss Grand Cambodia 2023 ឱ្យចប់សព្វគ្រប់តាមកុងត្រាសិន ដូច្នេះនាងនៅមិនទាន់អាចកំណត់ពេលវេលាជាក់លាក់នៃការចេញទៅរៀននៅក្រៅប្រទេសបាននោះទេ ត្រូវរង់ចាំមើលជាក់ស្តែងសិន។ មួយវិញទៀត អេនណា មានការងារបន្តបន្ទាប់ និងជាប់ schedule ច្រើនខ្លាំង ចាប់ពីខែក្រោយរហូតដល់ចុងឆ្នាំឯណោះ។
កុយ អេនណា នៅមិនទាន់អាចប្រាប់ពីគម្រោងនៃការត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតតាមការស្នើរសុំរបស់ហ្វេននោះឡើយ តែ 1st Runner up បង្ហើបឱ្យដឹងល្ហៀងៗថា នាងនឹង surprise ហ្វេនៗ តែមិនច្បាស់ថាឆ្នាំក្រោយ ឬ ២ ឆ្នាំទៀតនោះទេ ដូចនេះហ្វេនៗមានតែរង់ចាំមើលការ update ជាក់ស្តែងរបស់នាងទាំងអស់គ្នា៕



























Account
Security
Favourite Content