ការប្រកាសពីទំនាក់ទំនងស្នេហារបស់តារាក្នុងប្រទេសកូរ៉េហាក់មិនទាន់ទូលំទូលាយនៅឡើយ ដោយសារភាគច្រើនតែងទទួលបានការរិះគន់យ៉ាងចាស់ដៃ និងធ្លាក់ប្រជាប្រិយភាពជាដើមជាហេតុធ្វើឱ្យតារាភាគច្រើនជ្រើសមិនប្រកាសពីទំនាក់ទំនងរបស់ខ្លួន និងគូស្នេហ៍។ យ៉ាងណាមិញ ក៏មានគូស្នេហ៍កូរ៉េល្បីៗ មួយចំនួនដែលប្រកាសពីទំនាក់ទំនងរបស់ខ្លួនត្រូវបានមហាជនគាំទ្រយ៉ាងខ្លាំងស្ទើរមិនគួរឱ្យជឿ។ តោះទៅមើលថាជាគូណាខ្លះ៖
១.Lee JongSuk និង IU



Lee JongSuk និង IU ត្រូវបានខាង Dispatch ទម្លាយថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា ខណៈអ្នកទាំងពីរក៏បញ្ជាក់ច្បាស់ថាខ្លួនពិតជាកំពុងមានស្នេហាពិតមែន។ តារាប្រុសស្រីទាំងពីរស្គាល់គ្នាជាយូរណាស់មកហើយ ប៉ុន្ដែមិនទាន់មានឱកាសមើលចិត្តថ្លើមគ្នា។ ដោយសារជាតារាគ្មានរឿងអាស្រូវ និងត្រូវបានគេស្រឡាញ់ចូលចិត្តច្រើនផងនោះ នៅពេលប្រកាសទំនាក់ទំនងស្នេហាភ្លាម អ្នកពីរទទួលបានការជូនពរជាច្រើនពីមហាជន និងអ្នកគាំទ្រជុំវិញពិភពលោក។
២.Ryu JunYeol និង Hyeri


Ryu JunYeol និង Hyeri បានសម្ដែងរឿងរួមគ្នាគឺ “Reply 1988”។ បន្ទាប់ពីសម្ដែងរឿងនេះហើយអ្នកទាំងពីរទទួលបានការគាំទ្រយ៉ាងខ្លាំង និងប្រកាសពីទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីឆ្នាំ ២០១៧។ រយៈពេលជិត ៧ ឆ្នាំទៅហើយទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនៅតែរឹងមាំខ្លាំង។ មហាជន និងអ្នកគាំទ្រជាច្រើនកំពុងបន្ដរង់ចាំពីដំណឹងល្អរបស់អ្នកពីរ និងសង្ឃឹមថាអ្នកទាំងពីរអាចកាន់ដៃគ្នាចូលរោងមង្គលឆាប់ៗ។
៣.Jung Kyung Ho និង Choi SooYoung


មកទល់ពេលនេះគឺមានរយៈពេលជាង ១០ ឆ្នាំទៅហើយដែលតារាប្រុសស្រី Jung Kyung Ho និង Choi SooYoung បានទាក់ទងគ្នា។ អ្នកទាំងពីរបានចាប់ផ្ដើមទាក់ទងគ្នាដំបូងក្នុងឆ្នាំ ២០១២ និងប្រកាសពីទំនាក់ទំនងក្នុងឆ្នាំ ២០១៤។ ជារឿយៗ អ្នកទាំងពីរតែងតែនិយាយពីគ្នាទៅវិញទៅមកក្នុងកម្មវិធីនានា។ ទំនាក់ទំនងស្នេហាយូរឆ្នាំរបស់អ្នកពីរធ្វើឱ្យគ្រប់គ្នាច្រណែន និងសរសើរយ៉ាងខ្លាំង។ អ្នកគាំទ្រជាច្រើនជឿថា SooYoung នឹងជាសមាជិក Girls’ Generation ដំបូងគេដែលរៀបការមុនគេ។
៤.Jo JungSuk និង Gummy


Jo JungSuk និង Gummy ចាប់ផ្ដើមសេពគប់គ្នាក្នុងឆ្នាំ ២០១៣ និងប្រកាសពីទំនាក់ទំនងរបស់ខ្លួនក្នុងឆ្នាំ ២០១៥។ បន្ទាប់មកអ្នកទាំងពីររៀបការនៅក្នុងឆ្នាំ ២០១៨ និងទទួលបានចំណងដៃកូនដំបូងក្នុងឆ្នាំ ២០២០។ អ្នកទាំងពីរជាគូស្នេហ៍មួយដែលទទួលបានគាំទ្រខ្លាំងពីមហាជនផងដែរ។
៥.Ahn BoHyun និង Jisoo


កាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៣ Ahn BoHyun និង Jisoo បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមដោយអ្នកទាំងពីរត្រូវបានខាង Dispatch ទម្លាយថាកំពុងមានទំនាក់ទំនងស្នេហា។ Dispatch លើកឡើងថា Ahn BoHyun តែងសម្រួលកាលវិភាគរបស់ខ្លួន ដើម្បីមានពេលវេលាជួបជុំជាមួយ Jisoo ខណៈពេលទំនេរអ្នកទាំងពីរតែងចំណាយពេលនៅផ្ទះជាមួយគ្នា។ ទីបំផុតអ្នកទាំងពីរក៏ប្រកាសថាព័ត៌មាននោះជាការពិត អ្នកទាំងពីរកំពុងមានស្នេហាមែន។ ដោយសារតែភាពផ្អែមល្ហែមរបស់តារាប្រុស Ahn BoHyun ធ្វើឱ្យមហាជន និងអ្នកគាំទ្ររំជួលចិត្តព្រមទាំងគាំទ្រគូស្នេហ៍មួយគូនេះខ្លាំង៕























Account
Security
Favourite Content