កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅ ក្រោយពីកម្មវិធីជំនួបអ្នកគាំទ្របានបញ្ចប់ដោយជោគជ័យ អ្នកគាំទ្រម្នាក់បានចេញមកចែករំលែករឿងរ៉ាវកក់ក្ដៅដែលខ្លួនទទួលបានពី Kim Woo Bin ហេតុថា តារាសម្ដែងរូបនេះ បានចេញលុយថ្លៃអាហារពេលល្ងាចឱ្យខ្លួន និងអ្នកគាំទ្រផ្សេងទៀត។

យោងតាមសារព័ត៌មាន Naver អ្នកគាំទ្ររូបនេះ បានរៀបរាប់ថា៖ “ក្នុងនាមជាអ្នកគាំទ្រអស់ពេល ១០ឆ្នាំ ខ្ញុំបានដឹងរឿងរ៉ាវដ៏កក់ក្ដៅជាច្រើនរបស់ Kim Woo Bin តែថ្ងៃនេះ ខ្ញុំមានឱកាសអាចទទួលបានបទពិសោធន៍នេះ ដោយខ្លួនឯងហើយ”។
អ្នកគាំទ្ររូបខាងលើបាននិយាយពីដំណើរដើមទងថា៖ “នៅពេលដែលទៅទទួលហត្ថលេខាពីគាត់ ខ្ញុំរំភើបណាស់ ហើយមិនដឹងថា ត្រូវនិយាយអ្វីជាមួយគាត់ទេ ទើបខ្ញុំប្រាប់គាត់ថា ក្រោយចេញពីកម្មវិធី ខ្ញុំនឹងទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងអ្នកគាំទ្រផ្សេងទៀត ដែលពួកយើងសិទ្ធស្នាលគ្នា”។
បុគ្គលដដែលនេះ បានបន្តថា តារាប្រុសវ័យ ៣៦ឆ្នាំបានដឹងពីឈ្មោះហាងអាហារដែលពួកគេគ្រោងទៅ នៅពេលដែលលោកបាននិយាយជាមួយនឹងអ្នកគាំទ្រផ្សេងទៀត។ អ្នកគាំទ្រមានសំណាងរូបនេះ បានឱ្យដឹងតទៀតថា៖ “ពេលដែលយើងទៅដល់ហាង ចុងភៅប្រាប់ពួកយើងថា លោក Kim Woo Bin បានឆ្លៀតចូល និងគិតលុយរួចរាល់ហើយ។ គាត់មិនត្រឹមតែចេញលុយត្រឹមឈុតដែលយើងបានកក់ទេ តែគាត់ថែមទាំងប្ដូរឈុតនោះទៅជាឈុតដែលមានតម្លៃថ្លៃបំផុតនៅក្នុងហាងឱ្យពួកយើងទៀតផង”។

“អ្នកជឿអត់ ថាយើងញ៉ាំបង្កងនាគ និងសាច់អាំងទាំងទឹកភ្នែក? ដ្បិតខ្ញុំទទួលបានភាពកក់ក្ដៅពីគាត់មកជាច្រើនឆ្នាំទៅហើយក្ដី តែហេតុការណ៍បែបនេះ មិនបានកើតឡើងរាល់ថ្ងៃនោះទេ។ Woo bin តែងតែមើលថែអ្នកគាំទ្ររហូតមក ហើយហេតុការណ៍នេះ ប្រាកដជាកើតឡើងចំពោះអ្នកគាំទ្រផ្សេងទៀតជាមិនខាន” បុគ្គលដដែលបញ្ចប់ដូច្នេះ។
គួររំឭកផងដែរថា Kim Woo Bin គឺជាតារាប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើទឹកចិត្តសប្បុរសរបស់លោកជាច្រើនឆ្នាំមកហើយ។ តួយ៉ាង តួឯកប្រុសរូបនេះ តែងតែបរិច្ចាគទឹកប្រាក់ និងអំណោយជូន មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ជាញឹកញាប់។
នៅក្នុងខែតុលា ខាងមុខនេះ តារាប្រុសក៏មានស្នាដៃថ្មីជូនអ្នកគាំទ្រដែរ ដោយលោកនឹងបង្ហាញវត្តមានរួមគ្នាជាមួយ Bae Suzy នៅក្នុងរឿងភាគថ្មីរបស់ Netflix ក្រោមចំណងជើងថា Genie, Make a Wish៕























































Account
Security
Favourite Content