នៅថ្ងៃទី១៨ ខែមិថុនា នេះ កាសែត New Daily បានចុះផ្សាយថា Kim Soo-Hyun កំពុងប្រឈមមុខនឹងការប្ដឹងទាមទារសំណងជាទឹកប្រាក់សរុបចំនួន ៧.៣ ពាន់លានវ៉ុន ឬប្រមាណ ៥.៤លានដុល្លារអាមេរិកបន្ថែមទៀត ពីក្រុមចំនួន ៤ ស្របពេលដែលក្រុមហ៊ុនដទៃទៀតក៏បាន និងកំពុងពិចារណាប្ដឹងផ្ដល់លោកដូចគ្នា។

មុននឹងមានរឿងអាស្រូវផ្ទុះឡើង Kim Soo Hyun បានទទួលការងារពីក្រុមហ៊ុនចំនួន ១៦ផ្សេងគ្នា ក្នុងនាមជាអ្នកតំណាងផលិតផល។ យ៉ាងណាមិញ នៅពេលដែលមានបញ្ហាចម្រូងចម្រាស់ បានធ្វើឱ្យការផ្សាយពាណិជ្ជកម្មទាំងនេះខកខាន និងប៉ះពាល់ទៅម៉ាកយីហោផង ទើបក្រុមហ៊ុននីមួយៗបានពិចារណាដាក់ពាក្យបណ្ដឹងទៅកាន់តារាប្រុសវ័យ ៣៧ឆ្នាំ ។
ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ ក្រុមហ៊ុនឧបករណ៍ថែរក្សាសម្ផស្ស CLASSYS ទើបតែបានរឹបអូសអាផាតមិនរបស់តួឯកប្រុសរូបនេះ ដែលមានតម្លៃដល់ទៅ ៣ពាន់លានវ៉ុន ឬប្រមាណ ២.២លានដុល្លារអាមេរិក។ ថ្មីៗនេះ Kim Soo Hyun ក៏កំពុងតែប្រឈមមុខនឹងបញ្ហាតែមួយនេះ ដោយយីហោឧបករណ៍ផ្ទះបាយ Cuckoo Electronics និងសាខានៃក្រុមហ៊ុននេះក្នុងប្រទេសម៉ាឡេស៊ីបានទារសំណងដល់ទៅ ២.៨៨ ពាន់លានវ៉ុន ឬ ប្រមាណ ២.០៦ លានដុល្លារអាមេរិក។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនអាហារបំប៉ុន From Bio ក៏បានប្ដឹងទាមទារសំណាងជាទឹកប្រាក់ចំនួន ៣.៩៦ពាន់លានវ៉ុន ឬប្រមាណ ២.២៣ លានដុល្លារអាមេរិក។ ឯយីហោគ្រឿងសម្អាង Dinto ពីក្រុមហ៊ុន Trendmaker ក៏ទាមទារសំណងក្នុងចំនួន ៥០១លានវ៉ុន ឬ ៣៥៨ ០០០ដុល្លារអាមេរិកដែរ។

មកទល់នឹងពេលបច្ចុប្បន្ននេះ Kim Soo Hyun ត្រូវបានខាតបង់ទឹកប្រាក់សរុបដល់ទៅ ៨.៤ពានលានវ៉ុន ឬប្រមាណ ៧.៦លានដុល្លារអាមេរិកបាត់ទៅហើយ ខណៈនេះគ្រាន់តែពីក្រុមហ៊ុនចំនួន ៤ ក្នុងចំណោម ១៦។
បញ្ហាខាងលើនេះ មានសាវតាកើតចេញពីការចោទប្រកាន់ថា Kim Soo Hyun ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹង Kim Sae Ron ទាំងតែតារាស្រីនៅមិនទាន់ពេញវ័យនៅឡើយ ដោយបច្ចុប្បន្ននេះ តារាប្រុសក៏កំពុងតែមានបណ្ដឹងផ្លូវច្បាប់ជាមួយនឹងគ្រួសាររបស់តារាស្រី និងគណនីយូធូប HoverLab ដែលជាអ្នកទម្លាយរឿងនេះមកដែរ៕
























Account
Security
Favourite Content