កម្លោះសង្ហា ខាត់ វ៉ៃហាំង បានកំពុងធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំងក្រោយឃើញទឹកចិត្តដ៏ល្អរបស់លោក ដកឆត្រហុចឱ្យម្ដាយកូនពីរនាក់ដែលអង្គុយលើម៉ូតូរ៉ឺម៉កទាំងខ្លួនរងាញ័រញាក់ក្រោមដំណក់ទឹកភ្លៀងទាំងពុំមានអ្វីដណ្ដប់។

ប៉ុន្មានថ្ងៃមុននេះ វីដេអូតារាសម្ដែងប្រុសប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន PNN ខាត់ វ៉ៃហាំង ដកឆត្រហុចឱ្យបងស្រីម្នាក់ដែលមានកូនតូចនៅលើម៉ូតូរ៉ឺម៉កត្រូវបានចែកចាយពេញបណ្ដាញសង្គមហ្វេសបុក។ ស្របពេលធ្វើដំណើរតាមដងផ្លូវហើយភ្លៀងកំពុងធ្លាក់ផងនោះតារាសម្ដែងប្រុស វៃហាំង បានឃើញប្ដីប្រពន្ធមួយគូរកំពុងបររ៉ឺម៉កតាមបណ្ដោយផ្លូវស្របនឹងលោក ប៉ុន្តែពួកគាត់ពុំមានអាវភ្លៀង ឬក្រណាត់កៅស៊ូដណ្ដប់រាងកាយនោះឡើយ មិនតែប៉ុណ្ណោះពួកគាត់ក៏មានកូនតូចម្នាក់ដែលធ្វើដំណើរជាមួយពួកគាត់កំពុងទទឹកភ្លៀងគេងរងាញាក់នៅលើរ៉ឺម៉កនោះដែរ។
គ្រាន់បានឃើញស្ថានភាពបែបនេះភ្លាម វ៉ៃហាំង បានដកយកឆត្រដែលមាននៅខាងក្នុងឡានហុចឱ្យស្រ្តីជាម្ដាយ ដើម្បីបាំងឱ្យខ្លួន និងប្ដីព្រមទាំងកូន។ ក្រោយទទួលបានឆត្របាំងការពារទឹកភ្លៀងបងស្រី និងស្វាមី បានសម្ដែងការអរគុណ និងបន្សល់ស្នាមញញឹមចំពោះទឹកចិត្តដ៏ល្អរបស់តារាសម្ដែងរូបនេះ។




គួរបញ្ជាក់ថា នេះមិនមែនជាការថតវីដេអូដើម្បីទាក់ទាញការចាប់អារម្មណ៍ណាមួយពីសំណាក់មហាជន ប៉ុន្តែជាការបង្ហាញពីការចេះជួយចែករំលែកទៅកាន់អ្នកដែលខ្វះខាត និងអ្នកដែលត្រូវការពិតប្រាកដ៕























Account
Security
Favourite Content