មិនយូរប៉ុន្មានក្រោយប្រកាសបើកផលិតកម្មផ្ទាល់ខ្លួនឈ្មោះថា Khan James Production ម្ចាស់បទ «សម្រែកបេះដូង» លោក ខាន់ ជេមស៌ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានដឹកដៃកូនស្រីច្បង អេមមី ម្ចាស់បទ «កុំចង់ត្រូវគ្នា» ចូលចូលផលិតកម្ម Galaxy Navatra កាលពីពេលថ្មីៗ ដោយខាងផលិតកម្មរៀបចំកម្មវិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅថែមទៀតផង។
នេះសបញ្ជាក់ឱ្យឃើញច្បាស់ៗថា ខាន់ ជេមស៌ កំពុងយឹតយោងកូនស្រីច្បងចូលទ្រនំខ្ពស់ បណ្តុំដោយតារាចម្រៀងចាស់ក្មេងល្បីៗជាច្រើនរូបដូចជា ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ចន្ទសីម៉ា សុវត្ថិ មុនីវណ្ណកូនប្រុសច្បង ព្រាប សុវត្ថិ និងតារាជាច្រើននាក់ផ្សេងទៀត។ គេជឿជាក់ថា ថ្ងៃខាងមុខ អេមមី អាចនឹងមានបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងរៀមច្បងណាម្នាក់ជាក់ជាមិនខាន ព្រោះមុនបោះជំហានចូលផលិតកម្មយក្សនេះ នាងធ្លាប់បានច្រៀងចម្រៀងរួមគ្នាជាមួយឪពុកដែលជាតារាចម្រៀងជើងចាស់រួចមកហើយ បើឱ្យបកស្រាយជាមួយតារាចម្រៀងរៀមច្បងផ្សេងទៀត ហាក់មិនជាបញ្ហានោះឡើយ។ ប៉ុន្តែ យ៉ាងណា ខាន់ ជេមស៌ ដែលជាឪពុកនៅតែលើកឡើងថា លោកនឹងបន្តដុសខាត់សមត្ថភាពកូនស្រីឱ្យខ្លាំងជាងនេះ ហើយក៏នឹងរិះរកគំនិតកែច្នៃថ្មីៗសម្រាប់ខ្លួនឯង និងកូនស្រី ឱ្យស័ក្កសមជាតារាចំណូលថ្មីក្នុងផលិតកម្ម Galaxy Navatra។
ការបោះជើងចូល Galaxy Navatra ជាជំហានថ្មីមួយសម្រាប់លោក និងកូនស្រី អេមមី ព្រោះលោកមានអារម្មណ៍ថាខ្លួនឯងដូចត្រូឡប់ទៅ១៦ឆ្នាំមុនដូច្នោះដែរ។ ខាន់ ជេមស៌ បានលើកឡើថា លោកពិតជារំភើបចិត្តណាស់ដែលបានក្លាយជាចំណែកមួយក្នុងគ្រួសារ Galaxy Navatra ហើយលោកនឹងផ្លាស់ប្តូរស្ទាយនៃការច្រៀង ស្ទីល៍តុបតែងខ្លួន និងប្តូរខ្លួនឯងថ្មីទាំងស្រុង ដើម្បីសាងប្រជាប្រិយភាពថ្មីនៅក្នុងផលិតកម្មថ្មី។
ដ្បិតពេលនេះលោក និងកូនស្រីជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy ហើយក៏ពិតមែន ប៉ុន្តែលោកនៅតែអាចបន្តចេញបទចម្រៀងនៅក្នុងផលិតកម្មរបស់ខ្លួនបាន គ្រាន់តែពេលនេះលោកផ្តោតខ្លាំងនៅ Galaxy តែសម្រាប់ Khan James Production នៅតែដំណើរធម្មតា ព្រោះលោកនៅមានការងារផ្សេងៗជាច្រើនដែលត្រូវធ្វើក្នុងផលិតកម្មផ្ទាល់ខ្លួននេះ។
ទាំង ខាន់ ជេមស៌ និង អេមមី បានឱ្យដឹងព្រមៗគ្នាថា ឆាប់ៗនេះអ្នកទាំងពីរនឹងមានបទចម្រៀងថ្មី រសជាតិថ្មីមកអង្រួនបេះដូងអ្នកគាំទ្រ ដោយអ្នកទាំងពីរនឹងផ្លាស់ប្តូរស្ទាយច្រៀងថ្មីទាំងស្រុង ដើម្បីសាងកេរ្តិ៍ឈ្មោះក្នុងវិស័យចម្រៀងឱ្យកាន់តែល្បីល្បាញថែមមួយកម្រិតទៀត៕




Account
Security
Favourite Content