ក្រោយបញ្ចប់កម្មវិធីប្រគំតន្ត្រី KCON LA 2025 ក្នុងសហរដ្ឋអាមេរិក KEY បានអង្គុយជាមួយនឹងសារព័ត៌មាន The Hollywood Reporter ជជែកអំពីជីវិតផ្ទាល់ខ្លួន និងការងារក្នុងនាមជាសិល្បករខេប៉ុប នៅក្នុងវ័យពាក់កណ្ដាលជីវិត។

ជាក់ស្ដែង នៅពេលដែលសារព័ត៌មានពីសហរដ្ឋអាមេរិកមួយនេះ ចង់ដឹងពីចំណាប់អារម្មណ៍ និងការប្រែប្រួល បន្ទាប់ពី Key បានប្រឡូកនៅក្នុងវិស័យខេប៉ុបមកជាច្រើនឆ្នាំ និងបានចូលទៅបំពេញកិច្ចការបម្រើជាតិរួចទៅហើយ គួបផ្សំនឹងអាយុដែលឈានចូលដល់វ័យកណ្ដាលទៀតផង តារាប្រុសរូបនេះបានសារភាពថា ខ្លួនមិនដែលគិតថានឹងអាចបន្តអាជីពការងាររបស់ខ្លួនមកទល់នឹងសព្វថ្ងៃនេះទេ។
សិល្បករខេប៉ុបដែលមានឈ្មោះពិតថា Kim Ki-bum បានរំឭកកាលគ្រាដែលខ្លួនមានអាយុស្មើនឹងសិល្បករជំនាន់ថ្មីថា ៖ “និយាយតាមត្រង់ ពេលខ្ញុំមានអាយុដូចនឹងក្រុម NCT ខ្ញុំមិនដឹងថា នឹងអាចបន្តអាជីពដល់អាយុបច្ចុប្បន្នបានដោយរបៀបណានោះទេ។ ខ្ញុំគិតមិនចេញពិតមែន ហើយរាមច្បងមិនតិចនាក់ទេ បានប្រាប់ខ្ញុំងា បើចង់នៅក្នុងវិស័យនេះយូរ វាគឺជារឿងដែលពិបាកណាស់។ ឥឡូវនេះ ខ្ញុំអាយុ ៣៤ហើយ (អាយុតាមការរាប់របស់កូរ៉េខាងត្បូង) ខ្ញុំនៅតែអាចធ្វើវាដូចដើម”។
“វាពិតជាមានរឿងល្អៗច្រើន កើតឡើងនៅលើអាជីពរបស់ខ្ញុំ ទាំងដែលខ្ញុំមិនដែលស្រមៃចង់បាន ហើយគ្រប់យ៉ាងគឺកើតឡើងបន្ទាប់ពីខ្ញុំអាយុ ៣០ឆ្នាំ។ ខ្ញុំមិនបានរៀបផែនការអ្វីទេ គ្រាន់តែធ្វើអ្វីដែលខ្ញុំត្រូវធ្វើ ឱ្យអស់ពីចិត្តប៉ុណ្ណោះ” លោកបន្តបែបនេះ។

បន្ថែមពីពាក្យខាងលើ Key ក៏បានផ្លាស់ប្ដូរការគិតរបស់ខ្លួនដែលថា ឥឡូវនេះ លោកគិតថា បើទោះបីជា ១០ឆ្នាំទៅមុខទៀត លោកប្រហែលជានៅតែអាចបន្តអាជីពជាសិល្បករខេប៉ុបដដែល ហើយលោកក៏កំពុងតែរៀបចំគម្រោងនេះដែរ។
ដោយមានខ្លួនឯងជាតួយ៉ាង តារាប្រុសម្ចាស់បទ PROUD បានរៀបរាប់ថា ខ្លួនចង់ធ្វើជាគំរូឱ្យតារាជំនាន់ប្អូនឃើញថា ទោះបីជាមានអាយុច្រើនក៏ពួកគេនៅតែអាចធ្វើការងារនេះបាន ហើយអាចធ្វើបានល្អដូចអ្វីដែលពួកគេធ្លាប់ធ្វើពីមុនអ៊ីចឹង៕
























Account
Security
Favourite Content