ម្សិលមិញនេះ លោក កែវ វាសនា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេបានបង្ហោះសារទាំងរំភើបស្វាគមន៍វត្តមានកូនស្រីពៅចូលមកកាន់គ្រួសារដ៏កក់ក្ដៅរបស់លោក ព្រមទាំងបានពោលពាក្យយ៉ាងមានន័យទៅកាន់ភរិយាជាទីស្រលាញ់របស់លោកថែមទៀតផង។

ក្រោយទទួលបានកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ដែលជាចំណងដៃអាពាហ៍ពិពាហ៍ ៩ ឆ្នាំតារាចម្រៀង កែវ វាសនា បានបង្ហោះសាររៀបរាប់ទៅកាន់ភរិយារបស់លោកថា៖ «ជោគជ័យហើយ អរគុណប្រពន្ធសម្លាញ់សម្រាប់ការលះបង់ដ៏មហាធំធេងមួយនេះ»។ មិនតែប៉ុណ្ណោះ លោកក៏បានសរសេររៀបរាប់ទាំងយល់ចិត្តភរិយាទៀតថា៖ «សូមបិទវគ្គត្រឹមនេះហើយព្រោះពិបាកភ្នែកមើលនឹងទទួលអារម្មណ៍មួយនេះណាស់»។ ពិតណាស់ តារាចម្រៀងប្រុសរូបនេះតែងត្រូវបានភរិយាសរសើរជារឿយៗថាមិនត្រឹមជាស្វាមីល្អ ថែមទាំងជាឪពុកដ៏ល្អរបស់កូនៗ ទៀតផង។ ក្នុងសារដ៏មានន័យនោះដែរលោកក៏បានរៀបរាប់ពីកូនស្រីទី៣ (កូនស្រីពៅ)ថា៖ «ស្នា ឈីអាយ កើតនៅម៉ោង ១២:៣៦នាទីយប់ ថ្ងៃអាទិត្យ ទី២២ ខែ ធ្នូ ឆ្នាំ២០២៤»។






ស្របជាមួយគ្នានេះដែរ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក ក៏ដូចជាអ្នកសិល្បៈបានចូលខមិនអបអរសាទររូបលោកនិងភរិយាដែលទទួលបានកូនស្រីដ៏ស្រស់ស្អាត និងគួរឱ្យស្រលាញ់យ៉ាងនេះ។ គួររំឭកឱ្យដឹងថា បន្ទាប់ពីរៀបការជាច្រើនឆ្នាំមកនេះតារាចម្រៀងប្រុស កែវ វាសនា បានរស់នៅយ៉ាងមានសុភមង្គល ថែមទាំងមានកូនប្រុសស្រីដ៏គួរឱ្យស្រលាញ់ដែលធ្វើឱ្យគ្រួសាររបស់លោកកាន់តែមានក្ដីសុខ និងក្លាយជាគ្រួសារមួយដ៏ពេញលេញ៕
ប្រភពរូបភាព ៖ ហ្វេសបុក កែវ វាសនា























Account
Security
Favourite Content