យុវជន កែវ អមរៈ មានសមត្ថភាពមិនធម្មតានោះទេ បើទោះបីជារូបគេទើបចាប់ផ្ដើមប្រឡូកក្នុងវិថី Fashion។ លទ្ធផលគួរជាទីមោទនភាពនេះ មិនមែនកើតឡើងដោយការចៃដន្យនោះទេ ប៉ុន្តែចេញពីការខិតខំប្រឹងប្រែងរបស់សាមីខ្លួនហ្វឹកហាត់ជារឿយៗមិនស្រាកស្រាន្ត ជាមួយនឹងការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវយកចិត្តទុកដាក់របស់អ្នកជំនាញផ្នែកបង្ហាញម៉ូដ ឬ Catwalk ដែលគេស្គាល់ថាជាលោក អូលីវា គង់។

កែវ អមរៈ បានប្ដេជ្ញាចិត្ត ដុសខាត់សមត្ថភាពរបស់ខ្លួន ឆ្ពោះទៅសម្រេចក្ដីស្រមៃក្លាយជាតារាម៉ូដែលមួយរូប ដែលមានការទទួលស្គាល់ពីសំណាក់មហាជនទូទៅ។ ជាពិសេសស្របពេលវិស័យបង្ហាញម៉ូដកំពុងមានការរីកចម្រើន ខណៈអ្នកជំនាញច្នៃម៉ូដកម្ពុជាដូចជាលោកគ្រូ អូលីវ៉ា គង់ តែងត្រូវបានកម្មវិធីបង្ហាញម៉ូដធំៗនៅលើពិភពលោកអញ្ជើញទៅចូលរួមចែករំលែកបទពិសោធន៍ និងបង្ហាញពីស្នាដៃរបស់ខ្លួនជាញឹកញាប់ទាំងប្រទេសក្នុងតំបន់ និងអន្តរជាតិ។
អូលីវ៉ា គង់ ត្រូវគេស្គាល់ថា ជាបុគ្គលដែលនៅពីក្រោយសមត្ថភាពរបស់ កែវ អមរៈ ត្រូវបានគេដឹងថា ជាគ្រូបង្ហាត់ដើរម៉ូដ និងជាអ្នកជំនាញច្នៃម៉ូដ អូលីវ៉ា គង់ ហើយកន្លងមករូបលោកបានដឹកនាំតារាម៉ូដែលតូចធំទៅចូលរួមកម្មវិធីធំៗនៅលើឆាកអន្តរជាតិ នាំយកប្រេនKalkin ពីកម្ពុជាទៅបង្ហាញយ៉ាងមោទនភាព រួមទាំងការបង្កើតកម្មវិធីដោយខ្លួនឯងនៅលើទឹកដីកម្ពុជាផងដែរ ដោយផ្ដល់ឱកាសដល់អ្នកជំនាន់ក្រោយចង់ប្រឡូកលើវិថីបង្ហាញម៉ូដ បានបញ្ចេញសមត្ថភាពរបស់ពួកគេ។


ក្នុងចំណោមម៉ូដែលរាប់រយនាក់ ដែល អូលីវ៉ា បានបណ្ដុះបណ្ដាលនាពេលកន្លងមក កែវ អមរៈ ត្រូវបានមើលឃើញថា មានភាពលេចធ្លោខ្លាំង ដ្បិតថានៅក្មេងខ្ចីយ៉ាងណាក្ដី។ អូលីវ៉ា គង់ ដែលជាអ្នកបណ្ដុះបណ្ដាលផ្ទាល់បានលើកឡើងថា អមរៈ ពិតជាមានសមត្ថភាពទេពកោសល្យ គួរឲ្យសរសើរឆាប់ចាប់បានអ្វីដែលលោកបានបង្ហាត់បង្ហាញ និងមានការវិវឌ្ឍផ្នែកសមត្ថភាពយ៉ាងឆាប់រហ័ស។
ជាក់ស្ដែងការបង្ហាញសមត្ថភាពនៅក្នុងកម្មវិធីនានា ពេលកន្លងមក ដែលរូបលោកបានបង្កើតឡើងក្រោមកិច្ចសហការជាមួយម្ចាស់ឧបត្ថម្ភនានា យុវជនរូបនេះបានសាងភាពលេចធ្លោ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងក្រសែភ្នែកទស្សនិកជនអ្នកចូលរួម។
សូមបញ្ជាក់ថា កែវ អមរៈ ដែលមានវ័យ ១៦ ឆ្នាំនោះ ក៏ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ក្រុមគ្រួសារអាណាព្យាបាលក្នុងដំណើរវិថីបង្ហាញម៉ូដនេះ ដោយពួកគាត់តែងបានបង្ហាញវត្តមាន ចូលរួមលើកទឹកចិត្តកូនប្រុសរូបនេះនៅក្នុងកម្មវិធីបង្ហាញម៉ូដនានា ពេលកន្លងមកជាបន្តបន្ទាប់៕


រូបភាព៖ ផ្ដល់ឲ្យ























































Account
Security
Favourite Content